ខេត្តព្រះសីហនុ​៖ ការដ្ឋានសំណង់បេតុងរំលោភ​(ឆ្នេរ​អូរត្រេះ២) ​របស់​ជនជាតិ​ចិន​ ត្រូវ​បាន​កម្លាំង​គណ:បញ្ជាការ​ខេត្តរួមជាមួយមន្ទីរ​ពាក់ព័ន្ធ​ខេត្តព្រះសីហនុ ដឹកនាំ​ដោយ​លោក​ លី​ វាន់ដា​ បានចុះ​អនុវត្តតាម​ច្បាប់​វាយកម្ទេចបេតុង​ នៅព្រឹកថ្ងៃទី​ ៧ ខែឧសភា​ ឆ្នាំ ២០១៩ ដែលមាន​ទីតាំង​នៅ​តាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​។

បើតាម​របាយការណ៍​របស់​ក្រុមការងារ​ចម្រុះ​ ធ្វើការ​រុះរើ​បេតុង​ដែលចាក់នៅលើ​ឆ្នេរ​ខ្សាច់​សាធារណៈ​របស់រដ្ឋ​ ដែលមាន​ប្រវែង​ ៨,៥០ ម៉ែត្រ គុណនិង​ ៣៨ម៉ែត្រ ក្នុង​ការ​រុះរើ​របស់​ក្រុមការងារ​នេះ​ រាល់ការ​ខូចខាត​ និង​ការ​ចំណាយ​ត្រូវ​ទទួល​បន្ទុក​ដោយ​ម្ចាស់​សំណង់​ដែលសង់រំលោភ ក្រុមការងារមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ។

ដោយក្រុមការងារ​សម្រេច​ ដាក់ពិន័យ​អន្តរការជាប្រាក់ចំនួន ១០,០០០,០០០រៀល (ដប់លានរៀល) ក្នុង​ករណី​ធ្វើឲ្យ​ខូចខាត​ និងប៉ះពាល់​ដល់​សោភណភាព​ឆ្នេរ​ និង​ជីវចម្រុះ​។​ប្រាក់នេះ​ម្ចាស់​សំណង់​ត្រូវ​ទៅ​បង់ដោយ​ខ្លួនឯង​នៅ​មន្ទីរ​ បរិស្ថាន​ខេត្តព្រះសីហនុ​។ ក្រោយពេល​រុះរើ​រួច​តម្រូវឲ្យ​ម្ចាស់​ទីតាំង​សម្អាត​ឲ្យ​បាន​ស្អាត​ដូចដើម​ និង​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ ចូលរួមថែរក្សា​ ឆ្នេរខ្សាច់​កម្សាន្ត​និង​ចូល​រួម​សម្អាត​អនាម័យ​ជា​ប្រចាំ​នៅលើ​ឆ្នេរ​មុខ​ទីតាំង​របស់ខ្លួន​។

បើក្នុង​ករណី​ទីតាំង​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រុមការងារ​ ឬ​នៅ​តែ​បន្ត​សកម្មភាព​សាងសង់​នោះ​ ក្រុមការងារ​និង​ អនុវត្តន៍​ទៅ​តាម​និតិវិធី​ច្បាប់ជា​ធរមាន​។

ការ​ចុះ​អនុវត្ត​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​ក្នុងក្រុងព្រះសីហនុ ពិសេស​អង្គការ​សង្គម​សីុវិលមានការ​ គាំទ្រ និង អបអរ សាទរ នូវ​ចំណាត់ការ​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​ និង​សូម​អំពាវនាវ​ដល់​ម្ចាស់​ការដ្ឋាន​សំណង់​ទាំង​អស់​ សូម​ចូល​រួម​គោរព​ និង​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា​ សម្រាប់ទីក្រុង​ទេសចរណ៍​ដ៏ស្រស់ស្អាតរបស់​យើង​ទាំង​អស់​គ្នា នា​ទិសនិរតី​៕