ខេត្តបាត់ដំបង៖ ជនសង្ស័យ០៣នាក់ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធទៅនិងសំណុំរឿងរក្សារទុកឬជួញដូរថ្នាំញៀនដោយខុសច្បាប់។
លោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានអោយដឹងថា ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន នឹងដោយមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញលោកបានដឹកនាំកម្លាំងជំនាញ នៃអធិការដ្នាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានចុះធ្វើការបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន នឹងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន០២ករណី ផ្សេងគ្នាក្នុងពេលតែមួយនៅចំណុចផ្ទះសំណាក់សួន កុសល់ និងចំណុច ក្រោយវិទ្យាល័យពេជ្រចិន្តា ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
លោកបន្តថានៅក្នុងកិច្ចប្រតិបត្តិការនោះ ផងដែរ ជាជំហានទី០១សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ​0២​នាក់ប្តីប្រពន្ធរួមមាន៖
១. ឈ្មោះ ភ្លើង យ៉ង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មុខសញ្ញាចាស់( ធ្លាប់ជាប់ពន្ធនាគារ ពីបទជួញដូរនូវសារធាតុញៀនទើបនឹងចេញបានប្រហែល ០៥ខែ )
២. ឈ្មោះ វ៉ាត វង្សរស្មី ភេទស្រី អាយុ ២៤ឆ្នាំ ( ប្រពន្ធ)ទាំង០២នាក់ ស្នាក់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ដកហូតបានវត្ថុតាងរួមមានៈ
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០២កញ្ចប់ ទម្ងន់៦,៥៨ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេមីន(យ៉ាម៉ា WY )ចំនួន ១០១គ្រាប់ ( មួយរយមួយគ្រាប់)ទម្ងន់៩,៨៧ក្រាម -ជញ្ជីងសម្រាប់ថ្លឹងដ្នាំញៀនចំនួន ០២ គ្រឿង -ទូរស័ព្ទដៃចំនួន០១គ្រឿង ។
ជំហានទី ០២៖សមត្ថកិច្ចជំនាញបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ខេង ផល្លា (ហៅ ភេ ) ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាមុខសញ្ញាចាស់( ធ្លាប់ជាប់ពន្ធនាគារ ពីបទជួញដូរនូវសារធាតុញៀន ទើបនឹងចេញបានចំនួនប្រហែល០៥ខែ ) ។
វត្ថុតាងចាប់យកបានរួមមានៈ
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០១កញ្ចប់ទម្ងន់ ៧៩,១៦ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY )ចំនួន ១៦១៧គ្រាប់( មួយពាន់ប្រាំមួយរយដប់ប្រាំពីរគ្រាប់) ទម្ងន់ ២៥៧,៥៤ក្រាមនិងសម្ភារះប្រើប្រាស់អោយថ្នាំញៀនមួយចំនួនទៀត ។
ជនសង្ស័យរួមនិងវត្ថុតាងនៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបាន សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនកសាងឯកសារបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ដោយ រៀម សាលី