ភ្នំពេញ ៖ មានករណីទុសេ្សខ្សែភ្លើងមួយបង្កជាអគ្គីភ័យឆាប់ឆេះខ្សែភ្លើងជាប់ផ្ទះពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៤៣០ កែងផ្លូវលេខ៤៩៤ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញកាបុិនភ្លើងត្រង់ចំណុចកើតហេតុបានឆ្លងចរន្តអគ្គិសនីទុសេ្សចេញជាផ្កាភ្លើង ព្រៀកៗ រួចបង្កជាអគ្គីភ័យឆាបឆេះខ្សែភ្លើង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមានការភ័យខ្លាចឆ្លងរាលដាលដល់ផ្ទះពួកគាត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានជាប្រញ៉ាប់ ឲ្យចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ ។
ក្រោយមកក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានចេញមកដល់ទីតាំងកើតហេតុ ហើយបានឲ្យគេបិតចរន្តអគ្គីសនី ទើបធ្វើការបាញ់ទឹកពន្លត់អស់ទឹក១ឡាន ក៏រលត់ទៅវិញជាស្ថាពរ ដោយករណីនេះគ្រាន់តែប៉ះពាល់ដល់ជញ្ចាំងផ្ទះប្រជាពលរដ្ឋបន្តិចបន្ទួចតែប៉ុណ្ណោះ និងមិនបណ្ដាលឲ្យមនុស្សគ្រោះថ្នាក់នោះទេ៕ដោយៈសាវី