កោះកុង÷ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណ: អភិបាលខេត្តកោះកុង បានបញ្ចេញសារអំពាវនាវតាមរយ: ហ្វេសប៊ុកជាផ្លូវការមានឈ្មោះ Mithona Phouthomg ជម្រាបជូនដំណឹងដល់ពូមីងបងប្អូនប្រជាពលរដ្ឋទាំង អស់មេត្តាជ្រាបថា កន្លងមកមានជនខិលខូចមួយចំនួនបានលួចចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ នៅក្នុងតំបន់ហាមឃាត់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នោះគឺជាអំពើល្មើសច្បាប់។

អាស្រ័យហេតុនេះ សូមពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យអ្នកដទៃ។

សូមពូមីង បងប្អូនទាំងអស់មេត្តាកុំចាញ់ល្បិចញ៉ុះញ៉ុង បោកបញ្ឆោតរបស់ជនឆ្លៀតឱកាសមួយចំនួនដែលចង់បានប្រយោជន៍ផ្ទាល់ខ្លួន។បើមិនដូច្នោះទេ ពូមីង បងប្អូន នឹងត្រូវប្រឈមមុខជាមួយច្បាប់ជាធរមាន។

នាងខ្ញុំសង្ឃឹមថា ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបញ្ឈប់នូវសកម្មភាពកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ និងមិនបន្តចាញ់ល្បិចបោកប្រាស់ញ៉ុះញ៉ុងរបស់ជនខិលខូចឆ្លៀតឪកាសទៀតឡើយ។