ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាជាមួយលោកស្រី រ៉ូ ណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុសិទ្ធិមនុស្សប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបលោកស្រី រ៉ូ ណាស្មីត បានលើកឡើងចំណុចសំខាន់ៗចំនួន៤ រួមមានៈ ទី១. ពាក់ព័ន្ធការអនុវត្តនូវសិទ្ធិសេរីភាពរបស់អង្គការមិនមែនរដ្ឋាភិបាល។ ទី២. ការរៀបចំអនុវត្តច្រកចេញចូលតែមួយ។ ទី៣. យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា និងទី៤. ការបង្កើតនូវយន្តការទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល។

ពាក់ព័ន្ធចំណុចទី១ សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនអ្នករាយការពិសេសថា ដើម្បីឲ្យអាជ្ញាធរ និងអង្គការសង្គមស៊ីវិល កាន់តែយល់ពីគ្នាទៅវិញទៅមកថែមទៀត គឺរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញការអនុវត្តយន្តការឲ្យមានវេទិកាជួបគ្នាចំនួនពីរដងក្នុងមួយឆ្នាំ និងបើកឲ្យមានការចូលរួមផ្តល់មតិលើកជាក្តីកង្វល់ផ្សេងៗ ពីអង្គការសង្គមស៊ីវិល ដើម្បីអ្វីជាក្តីកង្វល់របស់ខ្លួនយកមកដោះស្រាយនៅលើតុទាំងអស់គ្នា និងដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា ដើម្បីឲ្យអង្គការសង្គមស៊ីវិលបំពេញការងារប្រកបដោយប្រសិទ្ធភាព ហើយខាងអាជ្ញាធរក៏មានលទ្ធភាពអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមច្បាប់កំណត់ផងដែរ។ ហើយជាគោលការណ៍ការអនុវត្តវេទិកានេះ គឺធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅខែមករា និងខែកក្កដា។

ចំពោះការចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់អង្គការសង្គមស៊ីវិល សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែមានការបើកចំហរចំពោះការផ្តល់នូវគំនិតល្អៗផ្សេងៗ ចំពោះការធ្វើវិសោធនកម្មចច្បាប់នេះ ទៅលើចំណុចណាមួយដែលអង្គការសង្គមស៊ីវិល ឬក៏ភាគីពាក់ព័ន្ធយល់ឃើញថា គួរមានការកែលំអរ។ ប៉ុន្តែសម្តេចក្រឡាហោមបានលើកឡើងថា ការកែលំអរ គឺត្រូវតែសិក្សាឲ្យបានល្អត់ល្អន់ឲ្យស្របទៅនិងរដ្ឋធម្មនុញ្ញ និងស្របទៅនិងច្បាប់របស់កម្ពុជា ពិសេសឲ្យស្របទៅនិងកាតព្វកិច្ចជាអន្តរជាតិ។

ទាក់ទងចំណុចទី២ សម្តេចក្រឡាហោម បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គឺបានខិតខំពង្រីកការិយាល័យច្រកចេញចូលតែមួយបានជាង ១០០ការិយាល័យហើយ និងខិតខំពង្រីកទៅតាមទីតាំងណាដែលពុំទាន់មានការិយាល័យចក្រចេញចូលតែមួយ និងខិតខំពង្រឹងទៅលើការិយាល័យណាដែលមានស្រាប់ហើយ ដើម្បីឲ្យគុណភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។

ពាក់ព័ន្ធចំណុចទី៣ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តបានជួបប្រទះនៅបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការចង្អៀតណែននៅតាមពន្ធនាគារផ្សេងៗ។ ហើយពិតជាមានការចាប់ខ្លួនពាក់ព័ន្ធទៅនិងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលចំណុចនេះកើតមានការចង្អៀតណែននៅក្នុងពន្ធនាគារ។ ប៉ុន្តែទោះបីជាយ៉ាងណា កំពុងតែខិតខំរកវិធានការដើម្បីដោះស្រាយ ដូចជាបានកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទាំងពន្ធនាគារ និងទាំងមជ្ឈមណ្ឌាលស្តារនីតិសម្បទាគ្រឿងញៀន។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានសម្តែងនូវភាពវិជ្ជមានចំពោះវឌ្ឍនភាពដែលរាជរដ្ឋាភិបាលបានធ្វើកន្លងមក។ ហើយលោកស្រីជម្រុញលើកទឹកចិត្តឲ្យបន្តខិតខំអនុវត្តនូវអ្វីដែលជាខ្វះចន្លោះ ឬក៏មិនទាន់អនុវត្តសម្រេចបាន ១០០ភាគរយ។ ដូចជាការខិតខំពង្រីមបន្ថែមច្រកចេញចូលតែមួយ ការខិតខំកសាងបន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ការដាក់ចេញស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនជាដើម៕