ខេត្តព្រះសីហនុ៖ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី នយោជិក នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម ជាម ហីុម ប្រធានក្រុមព្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីជាច្រេីនរូបទៀត ពិធីនេះរៀបចំឡើងនៅកាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជេីញជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី នយោជិក នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងគោលបំណងសិក្សាស្វែងយល់ពីវឌ្ឍនភាព និងដំណើរការអភិវឌ្ឍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

បន្ទាប់ពីមតិស្វាគមន៍ របស់ឯកឧត្តម លូ គឹមឈន់  ប្រតិភូរាជរដ្ឋាភិបាលតទទួលបន្ទុកអគ្គនាយក កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ  ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍សំណេះសំណាលដោយបានបញ្ជាក់ថាអាស្រ័យដោយកតា្តសុខសន្តិភាព សេរីភាព សុវត្ថិ ភាពសង្គម បានធ្វើឱ្យម៉ាក្រូសេដ្ឋកិច្ច មានការ អភិវឌ្ឍប្រកបដោយចីរភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្ដថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាអង្គភាពសេដ្ឋកិច្ចមិនអាចខ្វះបានក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច ទៅកាន់ ក្នុងតំបន់ និងអន្តរជាតិ ហេីយរាជរដ្ឋាភិ បាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ជាងពីរទសវត្សរ៍មកនេះ ធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង។

ក្នុងកិច្ចសំណេះសំណាលនេះដែរ ឯកឧត្តមក៏បានផ្តល់ជាមតិណែនាំ និងសំណូមពរមួយចំនួនដើម្បីធ្វើយ៉ាងណាឲ្យខេត្តព្រះសីហនុឲ្យក្លាយទៅជាខេត្តមួយដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រួមជាមួយនឹងភ្ញៀវវិនិយោគិនជាតិ និងអន្តរជាតិផ្សេង។

ក្រោយពីពិធីសំណេះសំណាលត្រូវបានបញ្ចប់ឯកឧត្តម សាយ សំអាល ក៏បានបន្តដំណើរដើម្បីធ្វើការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅម្តុំវិមានឯករាជ្យផងដែរ៕