តាកែវ៖ លោកជំទាវ នូ សុវណ្ណនី ប្រធានគណ:កមា្មធិការសាខាកាកបាទក្រហម កម្ពុជា ខេត្តតាកែវ រួមដំណើរដោយលោកនាយកប្រតិបត្តិសាខា និងលោក ភួន ឈីម អភិបាលស្រុកបាទី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាតាកែវ មកផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋចំនួន ៤២ គ្រួសារ ក្នុងនោះមាន ឃុំត្នោត៣៦ គ្រួសារ រលំទាំងស្រុង២ ខ្នងផ្ទះ ឃុំចំបក់៥ គ្រួសាររលំទាំងស្រុង១ខ្នងផ្ទះ និងឃុំដូង១ គ្រួសារ ក្នុងស្រុកបាទី ខេត្តតាកែវ ដែលបាន រងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩។
លោកជំទាវ នូ សុវណ្ណនី ក៏បានមានប្រសាសន៍នាំយកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយក ចិត្តទុកដាក់ គិតគូរពីសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចតែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ច្រកល្ហក ជាពិសេសបងប្អូនដែល កំពុងទទួលរងគ្រោះថ្នាក់គ្រោះធម្មជាតិ ត្រូវខាតបងនូវទ្រព្យសម្បត្តិ ផលដំណាំ របស់បងប្អូន ។
លោកជំទាវបានមានប្រសាសន៏បន្តថា ៖ ដូច្នេះដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិនេះ បងប្អូនត្រូវ យកចិត្តទុកដាក់សំខាន់ លើការថែទាំសុខភាព ដោយផ្អែកលើអនាម័យបរិស្ថានល្អលោកជំទាវ ក៏បាន ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរៀបចំអនាម័យក្នុងការរស់នៅឱ្យបានស្អាត តាមរយៈ ហូបស្អាត ផឹកស្អាត ចៀសវាងកើតមានជំងឺផ្សេងៗ និងត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ គ្រប់ប្រភេទ ។ ចំពោះការអានាម័យត្រូវពិសារទឹកស្អាត និងទឹកដាំអោយឆ្អិនជានិច្ច ពីព្រោះថាបើបងប្អូន ខ្វះស្បៀងអាហារយើងអាចជួយបាន ក៏ប៉ុន្តែបើបងប្អូនមានជម្ងឺវិញ គឺមានតែខ្លួនឯងទេ ដែលជាអ្នកឈឺ ចាប់នោះ ។

ក្រៅពីនោះបងប្អូនត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះ បញ្ហាសុខភាពជាប្រចាំ ដូច្នេះប្រសិនបើ មានករណីនេះកើតឡើង ចំពោះក្រុមគ្រួសារ របស់បងប្អូន ត្រូវផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន និង បញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល បានទាន់ពេលវេលា ម្យ៉ាងវិញទៀតសូមជួយ អប់រំកូនចៅអោយជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរ និងត្រូវចេះ គោរពច្បាប់ចរាចរ ។ ទន្ទឹមនេះដែរ សូមបងប្អូនខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ ទ្រទ្រង់ ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើឡើងថែមទៀត ។
សូមបញ្ជាក់ថាអំណោយដែលបានចែកជូនគ្រួសាររងគ្រោះនាពេលនោះទាំង ៤២ គ្រួសារ ក្នុងមួយ គ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម តង់ធំ១ កន្ទេល ១ ម៉ុង ១ ភួយ ១ សារុង ១ ក្រមា ១ ហើយមានបន្ថែមថវិកាសម្រាប់សោហ៊ុយធ្វើដំណើរមួយចំនួនផងដែរ ដោយឡែកចំពោះគ្រួសារដែល រលំផ្ទះទាំងស្រុងទទួលបានថវិកាបន្ថែមមួយចំនួនផងដែរ៕ វង្ស ចំរើន