ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ានី កាលពីព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩  បានចុះជួបប្រជុំជាមួយរដ្ឋបាល​ខេត្ត​ប៉ៃលិន ដឹកនាំដោយឯកឧត្តម ផាន់ ចាន់ថុល អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយនឹងឯកឧត្តម ឡី ចាន់​ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ហើយនឹងលោក លោកស្រីប្រធានមន្ទីរ ក្នុងបន្ទុកគណៈកម្មការ ដើម្បីស្វែងយល់​ពីស្ថាន​ភាព​ទូទៅនៃខេត្ត ភាពរីកចម្រើន និងបញ្ហាប្រឈមនានាក្នុងខេត្ត។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការចុះជួបដោយផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំខេត្តនេះ គឺជា​ឱកាស​​ដែលអនុញ្ញាត អោយឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការទី៧ និងរដ្ឋបាលខេត្ត​បាន​ពិភាក្សាគ្នាដោយផ្ទាល់ រួមគ្នារកវិធីសាស្ត្រក្នុងការប្រែយុទ្ធសាស្ត្រ និងផែនការឱ្យចេញទៅជាលទ្ធផល និងសមិទ្ធិ​ផល​ជាក់ស្តែងជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាជាតិទាំងមូល។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ផាន់ ចាន់ថុល អភិបាលខេត្ត បានធ្វើរបាយការណ៍ពីសមិទ្ធផលការងារ ដែល​ខេត្តសម្រេចបានជូនប្រជាពលរដ្ឋ ដែលក្នុងនោះឯកឧត្តម បានលើកឡើងពីការខិតខំប្រឹងប្រែងរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង និងការលើកកម្ពស់ការរស់នៅរបស់ប្រជាជននៅតាមបណ្តោយព្រំដែនផងដែរ។ ក្រោយពី​បាន​ស្តាប់នូវរបាយការណ៍របស់ឯកឧត្តមអភិបាលខេត្ត និងលោកប្រធានមន្ទីរក្នុងបន្ទុក គណៈកម្មការទី៧ បានកត់​សម្គាល់ពីភាពរីកចម្រើននៃវិស័យអប់រំក្នុងខេត្តប៉ៃលិន និងបានវាយតម្លៃខ្ពស់ចំពោះយន្តការគ្រប់គ្រងនិងយុទ្ធ​សាស្ត្រ​ជាក់ស្តែងដែលលោកប្រធានមន្ទីរអប់រំបានអនុវត្តកន្លងមក។ ទន្ទឹមនឹងនេះគណៈកម្មការទី៧ក៏បានផ្តោត​ការ​ពិភាក្សា​បន្ថែមលើការលើកកម្ពស់គុណភាពអប់រំ នៅក្នុងសាលារៀនតាមបណ្តោយព្រំដែន និងតំបន់ដាច់ស្រយាល ដោយ​ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានឆ្លៀតឱកាសចែករំលែក​ពីបទពិសោធន៍របស់ខេត្តផ្សេងៗ​កន្លង​មក និងបានលើកទឹកចិត្តឱ្យលោកប្រធានមន្ទីរ ជំរុញ និងបង្កើនគុណវុឌ្ឍិរបស់លោកគ្រូ អ្នកគ្រូ  តាមរយៈ​ការ​រៀប​ចំ​ជាវគ្គបំប៉ន ឬវគ្គចែករំលែកវិធីសាស្ត្រ និងគន្លឹះនៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ ជូន​ដល់​លោកគ្រូ អ្នកគ្រូជំនាន់ក្រោយ ដើម្បីយកពុទ្ធិទាំងនោះមកអភិវឌ្ឍសមត្ថភាពខ្លួន ក្នុងការបង្រៀនជូនដល់ប្អូនៗ សិស្សា​នុសិស្សអោយកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសជួបប្រជុំជាមួយរដ្ឋបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការទី៧ នៃ​រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានស្នើឱ្យមន្ទីរអប់រំពង្រឹងការចុះអធិការកិច្ចតាមសាលា អោយបាន​ទៀងទាត់ ហើយធ្វើយ៉ាងណាស្វែងយល់ពីទុកលំបាករបស់លោកគ្រូ អ្នកគ្រូ ហើយបន្តលើកទឹកចិត្តពួក​គាត់​ដើម្បី​ឱ្យពួកគាត់មានទឹកចិត្តរួមគ្នាផ្តល់ការអប់រំ កូនៗដែលជាអនាគតរបស់ខេត្តប៉ៃលិន។ ទន្ទឹមនឹងនោះ លោកជំទាវ ក៏បាន​សំណូមពរអោយរដ្ឋបាលខេត្ត និងមន្ទីរអប់រំសហការគ្នា ថែរក្សាហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងសំណង់​អគារ​នានា​ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជននានា ដើម្បីជាការតប​ស្នង​ទឹកចិត្តគាំទ្រ និងយក​ចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំក្នុងខេត្តប៉ៃលិនទាំងមូល។

គួររំលឹកផងដែរថា ខេត្តប៉ៃលិន គឺជាខេត្តទី១៤ ហើយដែលប្រតិភូគណៈកម្មការអប់រ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានចុះបំពេញបេសកកម្ម។