ស្ទឹងត្រែងៈជនសង្ស័យជនជាតិឡាវឈ្មោះ ជឿ ហាយ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិចាំមឺយ ស្រុកភុងសាលី ខេត្តភុងសាលី ប្រទេសឡាវជាប់ព្រំដែនប្រទេសចិនបាននាំយកថ្នាំញៀនមួយគីឡូក្រាមចូលមកទឹកដីខេត្តស្ទឹងត្រែងត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាន។

ក្នុងប្រត្តិបត្តការបង្ក្រាបគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅចំណុចស្ពានទី២ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងនៅវេលាម៉ោង១២.៣០នាទីថ្ងៃទី៨ឧសភា២០១៩ រួមជាមួយថ្នាំញៀនមួយកញ្ជាប់ធំ។

លោកវរៈសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា៖ក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តជនសង្ស័យត្រូវបានឃាត់ខ្លួនជាមួយថ្នាំ ញៀនមួយកញ្ចប់ធំនិងបាននាំខ្លួនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តធ្វើការសាកសួរបន្ត។

ជនសង្ស័យឈ្មោះជឿ ហាយ ជាជនជាតិឡាវបានឆ្លើយសារភាពចំពោះមុខព្រះរាជអាជ្ញានិងសមត្ថកិច្ចថារបស់នេះមិនមែនជារបស់ខ្លួនទេគឺមានមនុស្សម្នាក់ហុចអោយនៅក្នុងផ្សារខេត្តភុងសាលីប្រទេសឡាវដោយគេអោយឈ្នួលក្នុងតម្លៃ៥លានគីប ស្មើ២.៥០០.០០០ប្រាក់រៀលខ្មែរ ដើម្បីប្រគល់អោយគេនៅក្បែព្រំដែនកម្ពុជាតែមិនទាន់បានប្រគល់អោយគេផងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ការធ្វើតេស្តនៅចំពោះមុខ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តជាក់ស្តែងដែលវត្ថុតាងរឹបអូសបាននេះជាប្រភេទថ្នាំញៀញ(មេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា)មានទម្ងន់សរុប១០៤៤,៧ក្រាម ស្មើទម្ងន់សុទ្ធ១០០២,៥ក្រាម។សូមបញ្ជាក់ថា៖នេះជាលើកទី២ហើយនៅដើមខែឧសភាននេះដែលកម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបបទល្មើសគ្រឿងញៀន ហើយទាក់ទិនករណីខាងលើនេះសមត្ថកិច្វបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីវិធីផងដែរ៕ងិន លីម