ភ្នំពេញ៖​ ដោយសារកត្តាមនុស្ស​ និង ការយល់ដឹងនៅមានកម្រិត រួមផ្សំនិង អាកាសធាតុ ក្តៅខ្លាំង ងាយប្រឈម នោះ តែអ្វីដែលគួរអោយកត់សម្គាលនោះគឺ ក្នុងរយៈពេលមិនដល់១ម៉ោងផងនោះមានករណីគ្រោះអគ្គីភ័យ ឆាបឆេះចំនួន៣លើកក្នុងខណ្ឌចំនួន២ ក្នុងរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថាក្នុងរយៈពេលមិនដល់១ម៉ោងផងនោះគឺកើតមានគ្រោះអគ្គិភ័យចំនួន៣ករណី ដោយករណីទី១ កើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ចំណុចសំណង់អគា ចាស់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ មានករណីអគ្គិភ័យបានកើតមានឡើង បណ្ដាលមកពីឆេះគំនរឈើទុកចោល នៅលើដំបូលអគា បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលរដ្ឋានចេញអន្តរាគមន៍ ដោយក្នុងហេតុការណ៍នោះមានម៉ូតូទឹករបស់ រដ្ឋបាលសាលាខណ្ឌដូនពេញ ចំនួន៣គ្រឿងបានចុះមកដល់ចំណុចកើតហេតុ និង មានរថយន្តពន្ត់អគ្គិភ័យរបស់ស្នងការក្រុងចំនួន១គ្រឿងចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។ ករណីទី២កើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃខែដដែល​ ដែលចំណុចហាងលក់ នាឡិកា យីហោឈ្មោះ ICE WATCH ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា កើតចេញពីករណីឆ្លងចរន្តអគ្គីសនីឆេះ ប្រអប់ភ្លើងខាងក្រោយផ្ទះបង្កអោយមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លាមៗ។

ប្រភពដដែលបានបន្តទៀតថាករណីទី៣ កើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃដដែល ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ មានករណីអគ្គិភ័យឆាបឆេះសំបកដប់ជ័រ កៅអុីចាស់ៗ និង ដើមប្រខុប បង្កជាអណ្តាត់ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និង ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន៨បំពង់ទើបបាញ់រលត់ជាស្ថាពរ។

ជាចុងក្រោយលោក សុខ ពេញវុធ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានផ្ទះនៅជិតដីឡូត៍មានស្មៅស្ងួត ឬកន្លែងចោលសម្រាម សូមយកចិត្តទុកដាក់ពីបញ្ហាទាំងនេះ កុំអោយកូនលេងភ្លើង ឬអ្នកទទួលទានបារីកុំបោះកន្ទុយបារីចោលផ្ដេសផ្ដាស ហើយបន្ថែមទៀតនោះមានករណីអគ្គិភ័យឆាបឆេះ សូមបងប្អូនជួយគ្នា ទប់ស្កាត់និងពន្លត់ភ្លាមៗដើម្បីកុំអោយរាល់ដាលដល់ផ្ទះប្រជាពលរដ្ឋទាន់៕អត្ថបទ និង រូបភាពៈ ទឹម វិបុល