សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបញ្ចុះខណ្ឌសី មាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបុញ្ញខេត្តនារាម ហៅវត្តអន្លង់តាម៉ុក ស្ថិតនៅភូមិអន្លុងតាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង នា ព្រឹកថ្ងៃសៅរ៍ ៨កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ  ។

យោងតាមរបាយការណ៍អភិបាលស្រុកមោងឬស្សី វត្តបុញ្ញខេត្តនារាម ហៅវត្តអន្លង់តាម៉ុកបង្កើតឡើងនៅឆ្នាំ១៩៥៩ ដោយព្រះសង្ឃ និងពុទ្ធបរិស័ទរួមគ្នាសាងសង់បានសមិទ្ធិផលជាបន្តបន្ទាប់ ប៉ុន្តែត្រូវបានរបបខ្មែរក្រហមបំផ្លាញចោលវិញ រហូតដល់ឆ្នាំ១៩៩៩ ទើបពុទ្ធបរិស័ទ និងព្រះសង្ឃ រួមគ្នាសាងសង់វត្តនេះជាថ្មី ដោយមានការជ្រោមជ្រែងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

បន្ទាប់មក ព្រះចៅអធិការវត្ត ពុទ្ធិបរិស័ទ និងអាជ្ញាធរ បានផ្ដូចផ្ដើមសាងសង់ព្រះវិហារថ្មីនៅឆ្នាំ២០១៣ និងបានរួចចរាល់នៅឆ្នាំ២០១៨ រួមទាំបានសាងសង់ផ្លូវបេតុង បង្គោលភ្លើង ស្រះទឹក បង្គន់អនាម័យ ក្លោងទ្វារ កុដិថ្ម កុដិឈើ រោងបាយ អស់ថវិកាសរុបជាង៣៩៤ពាន់ដុល្លារអាមេរិក ហើយសមិទ្ធិផលទាំងអស់នេះ ក៏សុទ្ធតែត្រូវបានរួមចំណែកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាដែរ។

ក្នុងឱកាសប្រកបដោយសេចក្ដីជ្រះថ្លានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយសម្ដេច បានសម្ដែងក្ដីរីករាយ និងក្ដីមោទនៈ ចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ អាជ្ញាធរ សប្បុរសជន ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានរួមសាមគ្គីគ្នាបង្កើតសមិទ្ធិផលជាច្រើនដូចនៅថ្ងៃនេះ។

សម្ដេចបានមានប្រសាសន៍ថាសន្តិភាព បានផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋ អាចបដិបត្តិសាសនាទៅតាមជំនឿងរៀងៗខ្លួន ហើយថ្វីដ្បិតតែរដ្ឋយកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែរដ្ឋក៏បានផ្ដល់ការគោរពគ្រប់ជំនឿសាសនារបស់ពលរដ្ឋដែរ ហើយថាយើងកំពុងមានមោទនភាព និងទទួលផលជាវិជ្ជមានពីភាពសុខដុមនីយកម្មខាងសាសនា ព្រោះតែគ្មានការរើសអើង ឬប្រកាន់សាសនានោះឡើយ។

ដោយឡែកក្នុងនាមជាថ្នាក់ដឹកនាំ និងក្នុងនាមជាពុទ្ធសាសនិកផង ពីវេទិការសំណេះសំណាលនេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឲ្យពុទ្ធបរិស័ទទាំងអស់ បន្តរួមគ្នាថែរក្សាព្រះពុទ្ធសាសនា តាមរយៈការបដិបត្តិព្រះធម៌ឲ្យបានល្អផូរផង់ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ និងការបន្តរួមគ្នាសាងសង់ទីសេនាសនៈផ្សេងៗបន្ថែមទៀត ពីព្រោះបច្ចុប្បន្ននេះ សង្គមកាន់តែមានការប្រែប្រួលមិនឈប់ឈរឡើយ។

សម្ដេចបានបន្តថាបច្ចុប្បន្ននេះការប្រែប្រួលមិនធម្មតានៃអាកាសធាតុ ក៏បានធ្វើឲ្យឡើងកំដៅ មេឃភ្លៀងមានលាយឡំខ្យល់ព្យុះ ខ្យល់កន្ត្រាក់កាន់តែខ្លាំង ដែលធ្វើឲ្យពលរដ្ឋរងគ្រោះកាន់តែច្រើន និងមានសភាពកាន់តែធ្ងន់ធ្ងរ ហើយសម្ដេចបានអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ដូចគ្នាដែរអាជ្ញាធរត្រូវមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានលឿនបំផុត។

សម្ដេចបានជំរាបទៅកាន់ប្រជាពលរដ្ឋថា អាជ្ញាធរ និងថ្នាក់ដឹកនាំជាតិ មិនបណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋរងគ្រោះ ត្រូវបាត់បង់ភាពកក់ក្ដៅនិះឡើយ ពីព្រោះក្រៅតែពីការចុះអន្តរាគមន៍ភ្លាមៗពីសំណាក់អាជ្ញាធរមូលដ្ឋាននោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏បានត្រៀមវិធានការគ្រប់បែបយ៉ាង ដើម្បីផ្ដល់កិច្ចអន្តរាគមន៍បន្ថែមទៀតដែរ សម្រាប់ការជួយសង្គ្រោះពលរដ្ឋទាំងអស់ ដោយមិនប្រកាន់និន្នការនយោបាយឡើយ។
ជាក់ស្ដែងនៅថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង បានប្រកាសអន្តរាគមន៍បន្ថែមពីលើការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ របស់អាជ្ញាធរស្រុកមោងឬស្សី និងបណ្ដាស្រុកផ្សេងទៀតក្នុងខេត្តបាត់ដំបង ដោយសម្ដេចបានប្រកាសផ្ដល់ស័ង្គសី២ម៉ឺនសន្លឹក ដើម្បីឲ្យអាជ្ញាធរជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋឡើងវិញ ហើយសម្ដេចក៏ត្រៀមផ្ដល់ការគាំទ្របន្ថែមទៀតដែរ។
ដោយឡែកនៅក្នុងឱកាសនេះដែរ សម្ដេចឧបនាយករដ្ឋមន្រ្តី បានអំពាវនាវពលរដ្ឋ និងអាជ្ញាធរភូមិឃុំ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីសេចក្ដីសុខ និងសេចក្ដីចំរើននៅតាមមូលដ្ឋាន ដោយសម្ដេចបានណែនាបន្ថែមឲ្យទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ការប្រើប្រាស់អាវុធខុសច្បាប់ ក្មេងទំនើង និងត្រូវគោពច្បាប់ចរាចរណ៍។
ជាមួយគ្នានេះ សម្ដេចបានអំពាវនាវឲ្យពលរដ្ឋ ចៀសចេញឲ្យផុតពីសកម្មភាពខុសច្បាប់នានា ដោយមិនត្រូវចាញ់ការឃោសនាអកុសលណាមួយពីក្រុមប្រឆាំងឡើយ ហើយសម្ដេចបានគូសបញ្ជាក់ថា ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការគិត និងធ្វើសកម្មភាពនានាក្នុងសង្គម ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវគិតគូឲ្យបានវែងឆ្ងាយ នៅពេលមានអ្នកនយោបាយអូសទាញឲ្យផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
មុននឹងបញ្ចប់ពិធីសំណេះសំណាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសប្រគេនបច្ច័យចូលបុណ្យវត្តបុញ្ញខេត្តនារាម ហៅវត្តអន្លង់តាម៉ុក បច្ច័យតាមរោងទិស បច្ច័យសីមាឥន្ទ្រ កីល ព្រមទាំងថវិកា និងសម្ភារៈ ជូនអង្គពិធីមួយចំនួនទៀត មុននឹងអញ្ជើញប្រគល់គ្រឿងឥស្សរយសជូនសប្បុរ សជន កាត់ខ្សែបូរណ៌ និងកាត់ខណ្ឌសីមាព្រះវិហារវត្តបុញ្ញខេត្តនារាម ហៅវត្តអន្លង់តាម៉ុ៕