រដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម នូ ភឿង និងលោកជំទាវ និងឯកឧត្តម វ៉ា ថន និងលោកជំទាវ រួមនិងមន្រ្តីរាជាការ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ គរុសិស្ស និស្សិត និងយុវជនសរុបប្រមាណជាង ៤០០ នាក់ បានប្រារព្វនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៦ យាងចូល ៦៧ព្រះវស្សា ។ ដែលពិធីបុណ្យធ្វើឡើងនាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩ នៅសាលមហោស្រពខេត្តក្រចេះ ។
ដែលព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះបាទព្រះករុណា ព្រះមហាក្សត្រ តែងតែប្រារព្វធ្វើឡើងេជារៀងរាល់ឆ្នាំ ដោយរាជរដ្ឋាភិបាលចាត់ទុកជាថ្ងៃបុណ្យជាតិ ហើយអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកនិយោជិត សិស្សនិស្សិត បានឈប់សម្រាក ៤ ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ។
ក្នុងពិធីឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ គរុសិស្ស និស្សិត និងយុវជនទាំងអស់ បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ព្រះនាង ទុង្សាទេវី សូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ ។ តាប៉ៃលិន CTV8 ខេត្តក្រចេៈ