(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយនាយកដ្ឋានជំនាញដែលពាក់ព័ន្ធ កំពុងបើកប្រតិបត្តិការយ៉ាងក្ដៅគគុក ដើម្បីតាមស្វែងរកចាប់ខ្លួន ជនជាតិចិនមួយក្រុម ដែលបានបង្ហោះវីដេអូស្រែកគំរាមថា ពួកគេមកពីខេត្តឆុងឆីង ចង់បង្កអសន្ដិសុខ នៅខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ថ្លែងប្រាប់អង្គភាព ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះថា បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនោះ លោកបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវភ្លាមៗជាបន្ទាន់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រហូតមកដល់ពេលនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ បើកប្រតិបត្ដិការយ៉ាងក្ដៅគគុក ដើម្បីស្រាវជ្រាវ និងឈានដល់ការចាប់ខ្លូនជនជាតិចិនមួយក្រុមខាងលើ ដែលបង្ហោះវីដេអូស្រែកគំរាមចង់បង្កអសន្ដិសុខ នៅខេត្តព្រះសីហនុ។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់ច្បាស់ថា ជនជាតិចិនដែលបង្ហោះវីដេអូនោះ ស្នាក់នៅ ឬក៏ធ្វើការនៅខេត្តព្រះសីហនុនោះទេ ពោលស្ថិតនៅក្រោមការស្រាវជ្រាវនៅឡើយ។

យោងតាមមន្ដ្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា តាមរយៈវីដេអូឃ្លឹបរបស់ជន​ជាតិចិនមួយក្រុមនេះ ដែលបកប្រែជាភាសាខ្មែរថា «ពួកគេមកពីខេត្តឆុងឆីង ហើយនិយាយទៀតថា កំពង់​សោម៣ឆ្នាំក្រោយវាចង់ឲ្យវឹកវរ គឺវឹកវរចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាពនោះ» ត្រូវបាននាយឧត្តមសេនីយ៍ សន្ដិ​បណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនាយកដ្ឋានជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវភ្លាម ហើយរកឃើញត្រូវចាត់វិធានការច្បាប់ជាបន្ទាន់ ឬត្រូវបណ្ដេញចេញពីកម្ពុជាផងដែរ៕