ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយដឹកដែកមួយគ្រឿងពន្លះរថយន្តហុីយ៉ាន់ដាយដឹកទំនិញធុនធំមួយគ្រឿងទៀតត្រង់ចំណុចស្តុបបំបែកជាបួនលាន់ដូចរន្ទះបណ្តាលឲ្យរថយន្តហុីយ៉ាន់ដាយដឹកទំនិញរេចង្កូតទៅបុកបង្គោលភ្លើងបាក់អស់ពីរដើមថ្មមួយ ដែកមួយ រាបដល់ដីចំណែករថយន្តហុីយ៉ាន់ដាយដឹងដែករេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋអស់មួយផ្ទាំងធំនិងរទេះលក់សាច់អាំងនិងផ្លាក់គណបក្សប្រជាជនកម្ពុជាមួយផ្ទាំងបណ្តាលឲ្យទ្រេតសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ស្ថិតនៅចំណុចស្តុប២៤ម៉ោង​ តាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនិងសម្តេចជាសុីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរព្រូម្នាក់ទៀតបាន បើករថយន្តហុីយ៉ាន់ដាយដឹកដែកមួយគ្រឿងក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3E.2399ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយធុនធំដឹកទំនិញ ក្បាលពណ៌ស ដាក់ លោហ្គោ (ឆ ន)ពាក់ស្លាក​លេខ​តាកែវ3A.2592បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ហានណូយទិសដៅពីត្បូងទៅជើង បុក​ចំកាប៊ីនរថយន្តហុីយ៉ាន់ដាយដឹកទំនិញចំផ្នែកខាងស្តាំ រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម បង្គោលភ្លើងថ្មមេធំមួយដើមទៀតបាក់រាបដល់ដី។
ចំណែកឯរថយន្តដឹកដែកបុកទំលុះរបងផ្ទះបាក់មួយផ្ទាំងធំនិងរទេះលក់សាច់អាំងនៅខាងក្នុង ខូចខាតរទេះបាក់ខ្ទិចនិងផ្លាក់ គណបក្សប្រជាជនកម្ពុជា នៅអ៊ែបនិងចិញ្ចើមផ្លូវបណ្តាលឲ្យទ្រេតមួយផ្ទាំង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ភ្លាមៗនោះសមត្ថកិចប្រចាំការនៅគោលដៅប៉ុស្តិ៍២៤ម៉ោងបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តហុីយ៉ានដាយដឹកដែកនិងអ្នករួមដំណើរបានភ្លាមៗចំណែកតៃកុងរថយន្តហុីយ៉ាន់ដាយដឹកទំនិញបានគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោល។សូមបញ្ជាក់កន្លែងកើតហេតុមានស្តុបលោតភ្លើងលឿងទាំងសង្ខាង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយៈចាន់តូ