ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងយ៉ាងអាណោចអធ័មក្រោយពីជិះម៉ូតូត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកបុកពេញទំហឹងរួចបន្ថែមល្បឿនបើករត់គេចខ្លួនជ្រុលទៅគៀររម៉កកង់បីមួយគ្រឿងទៀតកំពុងធ្វើដំណើរបណ្ដាលឲ្យក្រឡាប់ និងរបួសស្រាលម្នាក់បន្ថែមទៀត ។

នៅតាមបណ្តាយផ្លូវជាតិលេខ៣ មុខការ៉ាស់សាំងតេលា ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ភាគីខាងម៉ូតូរងគ្រោះម៉ាក HONDA C110 ពណ៍ក្រហម ពាក់ស្លាក​លេខ ភ្នំពេញ 1BV-4670 បើកបរដោយឈ្មោះ ហេង ហាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅនិងកន្លែង) មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រៃព្រីងខាងត្បូត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ភាគីរងគ្រោះខាងរម៉កកង់បី មានឈ្មោះ ចក់ ផល្លា ភេទប្រុស អាយុ៣៩ឆ្នាំ (រងរបួលស្រាល) មុខរបរ រត់កង់បី មានស្រុកកំណើត ភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  ។ រីឯភាគីខាងរថយន្តបង្កមិនស្គាល់ម៉ាក (តៃកុងបើកគេចបាត់ពីកន្លែងកើតហេតុ )។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះភាគីខាងម៉ូតូ ជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ៣ ទិសដៅពីត្បូងមកជើង ខណះមកដល់ចំណុចកើតហេតុខាងលើ ទំនងជនរងគ្រោះបត់ត្រឡប់ក្រោយ ស្រាប់តែរថយន្តបង្កមិនស្គាល់ម៉ាក បុក ចំប្រឆិតពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង ។ ភ្លាមនោះ រថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ ស្រាប់តែបន្ថែមល្បឿនទៅគៀររម៉កកង់បីមួយគ្រឿងទៀតកំពុងធ្វើដំណើរ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ឯអ្នកបើកបររងរបួសស្រាល ។

ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅបុណ្យតាមប្រពៃណី ។  រីឯម៉ូតូ និងរម៉កកង់បី ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំប្រគល់ឲ្យពេលក្រោយតាមក្រោយ ៕ដោយៈសាវី