ភ្នំពេញ ៖ ​ក្រសួងមហាផ្ទៃនឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នៃ​ការ​កកើត​កងកម្លាំង​នគរបាល​កម្ពុជា​លើក​ទី​៧៤(១៦​ឧសភា​១៩៤៥–១៦ ​ឧសភា​២០១៩) ​ដោយ​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​វត្តមាន​មន្ត្រី​នគរបាល​គ្រប់​ជាន់ថ្នាក់​ផងដែរ​។

១៦ ឧសភា ជា​ទិវា​នៃ​ការ​ចងចាំ​ជា​ប្រវត្តិសាស្ត្រ​របស់​អង្គ​ប្រតិបត្តិ​ច្បាប់ ​ដែល​បាន​ចាប់បដិសន្ធិ​ក្រោម​ស្នា​ព្រះហស្ត​របស់​ព្រះករុណាព្រះបាទ​សម្តេចព្រះ​នរោត្តម​សហ​នុ​ព្រះមហាវីរក្សត្រ​ព្រះ​បរមរតន​កោដ្ឋនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ទាក់ទង​នឹង​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍លើក​ទី​៧៤​ឆ្នាំនេះ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯកឆាយគឹម​ខឿន អគ្គ​ស្នងការ​រង​នគរបាលជាតិ​បាន​ថ្លែងប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​នា​ព្រឹក​ថ្ងៃទី​១៥​ខែឧសភាឆ្នាំ​២០១៩​នេះ​ថា​ការដែល​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នេះ​ឡើង​គឺ​ដើម្បី​រំលឹក​នូវ​គុណូបការៈ​របស់​អតីត​នគរបាល​ជំនាន់​មុន​និង​ក៏​ជា​ការ​បង្ហាញ​នូវ​វរៈ​ភាព​របស់​នគរបាល​ជើងចាស់​ប្រាប់​ដល់​នគរបាល​ជំនាន់​ថ្មី​ផងដែរ​។

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯកឆាយគឹម​ខឿន​បានលើកឡើង​ទៀតថា​មន្ត្រី​នគរបាលជាតិរួ​មទាំង​ថ្នាក់ដឹកនាំពី​ជំនាន់​មុននិង​ជំនាន់​បច្ចុប្បន្នបាន​ចូលរួម​ពលិកម្ម​គ្រប់បែបយ៉ាង​ក្នុង​បុព្វហេតុ​រក្សា​សន្តិសុខសណ្ដាប់ធ្នាប់​សាធារ​ណៈនិង​សុវត្ថិភាព​សង្គមរួម​សហការគ្នា​ទប់ស្កាត់​បាន​រាល់​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ការពារ​សុវត្ថិភាពសណ្ដា​ប់​ធ្នាប់​នៃ​សកម្មភាព​បាតុកម្ម​-​កូដកម្ម ​ហើយ​បាន​បញ្ចៀស​នូវ​សកម្មភាព​ភេរវកម្មទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ការពារ​ពិធី​បុណ្យជាតិ​-​អន្តរជាតិ ​បានជា​ច្រើន​ករណី​ប្រកបដោយ​សុវត្ថិភាព​ជូន​បងប្អូន​ជនរួមជាតិ​និង​ថ្នាក់ដឹកនាំ​ជាតិការពាររាជ​រដ្ឋាភិបាល​ស្របច្បាប់​ការពារ​​ជាតិសាសនាព្រះមហាក្សត្រ​ការពារ​រដ្ឋធម្មនុញ​និងគណៈប្រតិភូ​អន្តរជាតិ​ផងដែរ​។​ជាមួយគ្នានេះ​កង​នគរបាលជាតិ​បាន​ទប់ស្កាត់រាល់​ការប៉ុនប៉ង​បំផ្លាញ​លទ្ធផល​ការបោះឆ្នោត​នីតិ​កាល​ទី​៦​នា​ចុងខែ​កក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​របស់​ក្រុម​ចលនា​ខុសច្បាប់​ប្រកបដោយ​ជោគជ័យ​ផងដែរ​។

ក្រៅពី​ជួយ​ការពារ​និង​ថែរក្សា​សុខ​សន្តិភាព​ជូន​ប្រជាជនសង្គមជាតិ​ទាំងមូល ​កងកម្លាំង​នគរបាល​ទូទាំងប្រទេស​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ផងដែរ​ក្នុង​ការ​ចុះជួយ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ​តាម​យក​ថា​ហេតុ​ណាមួយ​នោះ​។សូមបញ្ជាក់ថា​ក្រសួងមហាផ្ទៃ​មិនបាន​ប្រារព្ធ​ពិធីអបអរសាទរ​នៃ​ថ្ងៃ​បង្កើត​កងកម្លាំង​ចំនួន​ពីរ​ឆ្នាំ​មកហើយ​ដោយ​ឆ្នាំ​២០១៩​នេះ​នឹង​ប្រព្រឹត្ត​ធំ​ជាង​លើក​មុន​ដោយមាន​ការ​តាំង​ពិ​ពរណ៍​​នូវ​រូបថត​អនុស្សាវរីយ៍​ជាច្រើន​នៃ​សកម្មភាព​របស់​នគរ​បាល​គ្រប់​រាជធានី​-​ខេត្ត​និង​នាយកដ្ឋាន​នានា​ដែល​ចំណុះ​ឲ្យ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​ផងដែរ​៕