(កំពង់ធំ) ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ “ជំរុញដល់យុវជន សិស្សានុសិស្ស និងបុគ្គលិកដែលបម្រើការងារ ក្នុងវិស័យសេវាកម្មទាំងអស់នៅស្រុកបារាយណ៍ និងស្រុកតាំងគោក មកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបាន ជំនាញពិតប្រាកដគ្រប់ៗគ្នា ព្រោះជំនាញគឺជាជីវិតរបស់យើង មានជំនាញ សិស្សានុសិស្សទាំងអស់ មានការងារធ្វើ មានប្រាក់ខែសមរម្យ អាចជួយដល់ជីវភាពក្រុមគ្រួសារផងដែរ” ។

ការថ្លែងជំរុញរបស់ឯកឧត្តមបណ្ឌិតខាងលើ បានធ្វើឡើងក្នុងពិធី ប្រគល់វិញ្ញាបនបត្រ បញ្ចប់ការសិក្សាវគ្គ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងកុំព្យូទ័រកម្រិតបឋម សរុបសិស្សានុសិស្សប្រមាណ ២៨៥នាក់ក្នុងនោះជំនាញវិជ្ជាជីវៈទេសចរណ៍ ៧៧នាក់ (សេវាកម្មបម្រើតុការ ពិធីការ និងបដិសណ្ឋារកិច្ច) និងជំនាញកុំព្យូទ័រ២០៨នាក់នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី  មានប្រសាសន៍ថា សមិទ្ធផលនាថ្ងៃនេះ គឺកើតឡើងមិនមែនដោយចៃដន្យនោះឡើង វាគឺពិតជាកើតចេញពីការសហការ ការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា សម្រាប់ការអភិវឌ្ឍនៅក្នុងមូលដ្ឋាន និងសម្រាប់ជាថ្នាលបណ្តុះបណ្តាល បំពាក់បំប៉នជំនាញដល់យុវជន សិស្សានុសិស្ស និងប្រជាជននៅក្នុងមូលដ្ឋានឲ្យទទួលបានជំនាញមួយជាក់លាក់សម្រាប់ប្រើប្រាស់ជាអាជីព មុខរបរ ដែលអាចជួយសម្រួលដល់ជីវភាពរបស់ខ្លួននៅថ្ងៃអនាគត ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាធនធានមនុស្សម្នាក់ប្រកបដោយសមត្ថភាព ជំនាញ និងឥរិយាបថល្អស្របតាមស្តង់ដា ដើម្បីរួមចំណែកអភិវឌ្ឍនៅមូលដ្ឋាន ពិសេសស្រុកបារាយណ៍ និងស្រុកតាំងគោកនេះតែម្តង ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ក្រុមការងារចុះជួយមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក និងនាយកដ្ឋានជំនាញរបស់ក្រសួងទេសចរណ៍ ត្រូវខិតខំជួយគាំទ្រដល់ដំណើរការសាលា ដើម្បីពង្រឹង សមត្ថភាព និង គុណភាពបណ្តុះបណញតាលសិស្ស និស្សិតលើជំនាញវិជ្ជាជីវៈនេះតាមឯកសារស្តង់ដា កម្មវិធីបណ្តុះបណ្តាល និងឧបករណ៍ស្របតាមស្តង់ដាជាតិ អាស៊ាន និងអន្តរជាតិ។

ពិធីខាងនេះក៏ទទួលបានបានការជួយឧបត្ថម្ភកុំព្យូទ័រដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នូវកុំព្យូទ័រចំនួន ៨គ្រឿង វិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ច EPI បានផ្តល់កុំព្យូទ័រចំនួន៥គ្រឿង សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន៥គ្រឿង និងវិទ្យាស្ថានលើទន្លេចំនួន ២គ្រឿង និងក្រុមហ៊ុមន Phoenix voyage របស់បារាំង ចំនួន៦ម៉ឺនដុល្លារ សម្រាប់ការបណ្ដុះបណ្ដាលកូនចៅប្រជាពលរដ្ឋនៅស្រុកបារាយណ៍ និងស្រុកតាំងគោកតាំងពីឆ្នាំ២០០៩ដែលមានសិស្ស ១០០០នាក់៕