(ត្បូងឃ្មុំ)៖បន្ទាប់ពីភ្លៀងធ្លាក់លាយលំខ្យល់កន្ត្រាក់ ជាង១០ថ្ងៃកន្លងទៅ តាំងពីថ្ងៃទី១រហូតដល់ថ្ងៃទី១០ ខែឧសភាឆ្នាំ ២០១៩បានធ្វើអោយប្រជាពលរដ្ឋសរុបប្រមាណជាង២០០គ្រួសារហើយ ក្នុងខេត្តត្បូងឃ្មុំទទួលរងផលប៉ះពាល់ដោយរលំផ្ទះ និងប៉ើងតំបូលផ្ទះ វត្តអារាម សាលារៀនក៍ដូចជាផលដំណាំនានា របស់ប្រជាពលរដ្ឋត្រូវបាក់ខូចខាត ខ្ទេចខ្ទីផងដែរ។
ឆ្លើយតបនូវតំរូវការរបស់ពលរដ្ឋភ្លាមៗសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បាននាំយកថវិការនិងស្បៀងអាហារសង្គ្រោះបន្ទាន់ផ្តល់ជូនពលរដ្ឋ ជាបន្តបន្ទាប់ដោយឡែកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត
ជាម ច័ន្ទ សោភ័ណអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងលោកជំទាវ ឡេង សុខាប្រធានស្តីទីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ រួមទាំងសមាជិកកាកបាទក្រហមខេត្តបាននាំយកថវិការ និងអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សាខាកាកបាទក្រហមខេត្តទៅចែកជូនប្រជាពលរដ្ឋ៦៣គ្រួសារ ដែលរងគ្រោះមហន្តរាយដោយធម្មជាតិនេះនិង០៤គ្រួសារផ្សងទៀត ដែលមានជីវភាពទីទាល់ក្រ ក្នុងស្រុកពញាក្រែកដែលជាការឆ្លើយតបទៅនឹងការងារមនុស្សធម៍ក៍ដូចជាស្របតាមពាក្យស្លោករបស់កាកបាទក្រហមកម្ពុជា “ទីណាមានទុក្ខទីនោះមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់ៗគ្នាស្មើៗគ្នា គ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយមិនរើសអើងនោះឡើយ”។
បើតាមលោក លី សុភាលីនអភិបាលស្រុកពញាក្រែក បានឲ្យដឹងថា កាលពីថ្ងៃ១០ម្សិលមិញភ្លៀងបានបន្តធ្លាក់លាយលំជាមួយខ្យល់កន្ត្រាក់បោកបក់មកលើភូមិស្រុកប្រជាពលរដ្ឋ ក្នុងស្រុកពញាក្រែកធ្វើអោយផ្ទះពលរដ្ឋចំនួន ៦៣គ្រួសារ រងគ្រោះបន្ថែមទៀតក្នុងនោះ៥៦គ្រួសារខូចខាតប៉ើងដំបូលតិចតួច និង៩គ្រួសាររលំផ្ទះទាំងស្រុង ។
ក្នុងឳកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល និងសម្តែងនូវការសោកស្តាយក៍ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ថ្លែងថា អំណោយចែកជូនបងប្អូនពេលនេះគឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់របស់បងប្អូន ជាមួយគ្នានោះក៍បានផ្តាំផ្ញើរ ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះ ការបំរែបំរួលអាកាសធាតុ ,ថែរក្សាសុខភាពខ្លួនមើលថែកូនៗតូចៗអោយបានល្អ ពិសេសខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដើម្បីបង្កើនលទ្ធភាពសាងសង់ផ្ទះសម្បែងឡើងវិញផងដែរ។
លោក រស់ សុខននាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះអំណោយដែលចែកជូននាពេលនោះទាំង៦៧គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១និងថវិការ១០ម៉ឺនរៀល សម្រាប់ផ្ទះរងការខូចខាតតិចតួចដោយខ្យល់កន្ត្រាក់និងថវិការ២០ម៉ឺនរៀលសម្រាប់គ្រួសារ ដែលផ្ទះរលំនិង០៤គ្រួសារមានជីវភាពទីទាល់ក្រលំបាក៕ តាប៉ៃលិន ខេត្តត្បូងឃ្មុំ