ភ្នំពេញ៖ លោកវរះសនីយ៏ឯកជឹមស៊ីថាបានបញ្ជាក់ឱ្យដឹងថានៅយប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

គួរំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី ក្មេងស្រីរងគ្រោះឈ្មោះ ឃន វិច្ឆិកាទិត្យារី អាយុ១៤ឆ្នាំ បានបាត់ចេញពីផ្ទះស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយឈ្មោះ លន សុភ័ស ភេទស្រី អាយុ៣៩ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ) និងសាច់ញាតិបានដើររកតែ រកមិនឃើញក្មេងស្រីរងគ្រោះឡើយ ។

លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ឈ្មោះ លន សុផាត ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាមីងបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានឃើញក្មេងស្រីរងគ្រោះកំពុងតែនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះឈ្មោះ លន សុផាត ក៏បានទូរស័ព្ទប្រាប់ឈ្មោះ លន សុភ័ស    (ម្តាយបង្កើតក្មេងស្រីរងគ្រោះ) អោយបានដឹង ហើយម្តាយរបស់ក្មេងស្រីរងគ្រោះក៏បានមកមើលឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់របស់ជនសង្ស័យពិតមែន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក អោយជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯកតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាមានការទំនាក់ទំនងស្រលាញ់គ្នាជាមួយក្មេងស្រីរងគ្រោះតាំងពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន និងបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន០៨ដង ទើប ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងជនសង្ស័យខាងលើ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ដោយៈសាវី