ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗទៅលើក្រុមហ៊ុនលោក ហេង អេង ធ្វើអាជីវកម្មកាយរណ្តៅដឹកអាចម៌ដីលក់ កំពុងបំផ្លាញផ្លូវ មូលនិធិឃុំនិងបង្ករហានីភ័យដល់ពួកគាត់ផងដែរ។លោកពូ ផាត់ សឿប ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ បានរៀបរាប់អោយអ្នកយកព័ត៌មានយើងដឹងថា ជារៀងរាល់ថ្ងៃពួកគាត់សង្កេតឃើញរថយន្តដឹកដីរបស់ក្រុមហ៊ុនលោក ហេង អេង បាននិងកំពុងធ្វើអាជីវកម្មដឹកអាចម៌ដីលក់យ៉ាងអាណាធិបតេយ្យ ធ្វើអោយលូនិងផ្លូវមូលនិធិឃុំជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រខាងលើរងការបាក់ស្រុតខូចខាតជាដំនាំ និងមួយវិញទៀតបើកបរក្នុងល្បឿនលឿនបង្ករការភ័យខ្លាចយ៉ាងខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅតំបន់នោះ ពិសេសនៅពេលដែលរថយន្តដឹកមកម្តងៗធូលីដីហុយចូលពេញផ្ទះស្ទើតែដកដង្ហើមមិនរួច។
លោកពូបន្តថា នៅមុនពេលដែលក្រុមហ៊ុនធ្វើអាជីវកម្មដឹកអាចម៌ដីលក់ចូលមកផ្លូវក្រាលគ្រួសក្រហមទាំងអស់នេះ ផ្លូវទាំងនេះគឺនៅមានសភាពល្អស្អាតមិនទាន់មានបែកភក់និងក្រឡុកដូច្នេះទេ លុះក្រោយពេលក្រុមហ៊ុនដឹកដីចូលមកធ្វើអោយលូមួយចំនួនបាក់ស្រុតនិងផ្លូវជា ច្រើនខ្សែរងការខូចខាតរហូតមានកន្លែងខ្លះបែកភក់រអិលពិបាកក្នុងការធ្វើដំណើរផងដែរ ។
ជាមួយគ្នាទៅនឹងការលើកឡើងខាងលើនេះដែរ លោក ហេង អេង ដែលជាមេឈ្មួញនិងជាម្ចាស់អាជីវកម្មខាងលើ លោកបានប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះថា លូដែលបាក់នោះគឺបាក់តាំងពីអើយមកម្លេះ មិនមែនទើបតែបាក់ដោយសារឡានលោកនោះទេ ហើយបើប្រជាពលរដ្ឋណាចង់ប្តឹងសុំអោយគាត់ទៅប្តឹងអាជ្ញាធរភូមិឃុំទៅ ថាក្រុមហ៊ុនមួយនេះជាអ្នកធ្វើបែក ដើម្បីអោយខាងក្រុមហ៊ុនគេធ្វើសង។ដោយឡែកលោក ជុំ គឹមសេង មេឃុំនរា ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះដែរ លោកថាចំពោះក្រុមហ៊ុនណាចូលដឹកក៏ចូលទៅលោកមិនថាទេ តែសុំអោយមានការស្រោចទឹកផង ហើយបើមានផ្លូវខូចឬក៏លូបែកបាក់មែនលោកនិងអោយក្រុមការងារចុះទៅពិនិត្យមើលនិងអោយខាងក្រុមហ៊ុនជួសជុលធ្វើសងអោយឃុំវិញផង។ដោយ រៀម សាលី