ខេត្តបាត់ដំបង:យោងតាមរបាយការណ៍ចេញដោយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបង្ហាញថា ក្នុងរយៈពេល២ថ្ងៃគិតត្រឹមថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការបង្ក្រាបការជួញដូរនិងរក្សារទុកគ្រឿងញៀនចំនួន៤ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ជាមួយនិងថ្នាំញៀនជាង១០០ក្រាម។
លោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានគូសបញ្ជាក់អោយដឹងថា ក្នុងចំណោមជនសង្ស័យទាំង៥នាក់ក្នុងនោះមាន:
ទី១-ឈ្មោះ ឆាយ វីរ៉ា ហៅ ស៊ឺ ភេទប្រុស អាយុ២៥ឆ្នាំ
ទី២-ឈ្មោះ យឹម ហេង ហៅ ចែ ភេទប្រុស អាយុ៣១ឆ្នាំ ទាំងពីរនាក់រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បង្ក្រាបដោយកម្លាំងប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុង នៃអធិការដ្ឋាននគរបាលស្រុកសំឡូត កាលពីវេលាម៉ោង២៣-១២នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ជាមួយនឹងថ្នាំញៀនប្រភេទមេតាំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១កញ្ចប់ទម្ងន់២៦,២ក្រាម។
ករណីទីពីរឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាន់ គឹមណៃ ភេទប្រុស អាយុ៤៣ រស់នៅភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន បង្ក្រាបដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីវេលាម៉ោង១៧និង២៥នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ជាមួយថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៣កញ្ចប់ទម្ងន់៨,៩២ក្រាមនិងប្រភេទ(យ៉ាម៉ា)ចំនួន១៦៨គ្រាប់ទម្ងន់១៥,៦៤ក្រាម។
ករណីទីបី ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈឿន ជំនោរ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ បង្ក្រាបដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចវត្តក្តាំងងារ ស្ថិតក្នុងភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ជាមួយនឹងថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ទម្ងន់៤៨,៦៥ក្រាម។
និងករណីទីបួន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ លីហៀង ហៅ តាក់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បង្ក្រាបដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ជាមួយថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ទម្ងន់២៨,៨២ក្រាម។
លោកបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង០៥នាក់រួមជាមួយថ្នាំញៀនទម្ងន់សរុបចំនួន ១២៨,២៣ ក្រាម រហូតមកដល់ពេលនេះ ត្រូវបានការិយាល័យជំនាញរបស់លោកកំពុងរៀបចំសំណុំឯកសារបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះដើម្បីចាត់ការតាមនីតិវិធី។ដោយ រៀម សាលី