ខេត្តព្រះសីហនុ ៖ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហន បានរៀបចំពិធីហូបនំបញ្ចុក «តេជោសន្តិភាព» បង្ហាញពីសាមគ្គី និងឯកភាពជាតិខ្មែរ ក្នុងខណៈនោះដែរឃើញមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋរាប់ពាន់នាក់ បានចូលរួមហូបនំបញ្ចុកនៅព្រឹថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងឱកាសនោះលោក ស្រ៊ុន ស្រន់ ប្រធានក្រុម ការងារ ចុះជួយសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នៅទូទាំង ដូចជាសង្កាត់លេខ១ មានចំនួន 4ភូមិ ហើយរូបលោក ទាំងមន្ត្រីរាជការស៉ីវិល ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានអញ្ជើញជួបជុំគ្នា នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បី ទទួលទាននំបញ្ចុក«តេជោសន្តិភាព» បង្ហាញពីសាមគ្គី និងឯកភាពជាតិខ្មែរ ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

លោក ស្រ៊ុន ស្រ៊ន់ បានមានប្រសាសន៍បែបនេះក្នុងឱកាសដែលលោកចូលរួមជាមួយ ពិធីជួបជុំទទួលទាននំបញ្ចុករួមគ្នា តាំងពីពេលព្រលឹមបន្តរហូតមកដល់អាហារថ្ងៃត្រង់ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត ហើយការជួបជុំខ្លះត្រូវបានរៀបចំឡើង នៅតាមទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា នៅតាមឃុំ- សង្កាត់ ក្រុង -ស្រុក និងការជួបជុំខ្លះទៀត បានរៀបចំឡើងនៅតាមវត្តអារាម, តាមសាលារៀន និងតាមមន្ទីរអង្គភាពរៀងៗខ្លួន។

លោក បានបញ្ជាក់ថា ការជួបជុំទទួលទាននំបញ្ចុក នៅថ្ងៃទី៩ ខែមិថុនាពឆ្នាំ២០១៩នេះ បានធ្វើឡើងតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសទទួលទាននំបញ្ចុកដែលជាអត្តសញ្ញាណ ជាតិខ្មែរ ជានំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខែ្មរ។

ដោយឡែកលោក ឈិត សុផាត ចៅសង្កាត់លេខ១ ក្រុងព្រះសីហនុបានសម្ដែងទស្សនៈថា នៅពេលដែលឃើញបងប្អូនប្រជាពលរដ្ឋបានមកជួបជុំ ហូបនំបញ្ចុកសន្តិភាព និងឯកភាពជាតិខែ្មរ ប្រកបដោយទឹកមុខស្រស់ស្រាយ គាត់ក៏មានមោទនភាព នឹងមានអារម្មណ៍សប្បាយយ៉ាងខ្លាំងផងដែរ ហើយលោកក៏បានថ្លែងអំណរគុណ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលជាកូនជាចៅ បានបង្កើតនូវកម្មវិធី ក្នុងន័យរឹតចំណងមិត្តភាព រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ រវាងប្រជាពលរដ្ឋនិងមន្ត្រី អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់។
ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនេះផងដែរបងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមក្នុងពិធីអាហារសាមគ្គីនំបញ្ចុកសន្តិភាពនេះបានសម្ដែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលបានជួប ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន បង្កើនភាពស្និទ្ធស្នាល ដែលភាពស្និទ្ធស្នាលទាំងនេះ មានភាពសប្បាយរីករាយយ៉ាងក្រៃលែង។