(ឧត្តរមានជ័យ)៖ ដោយអនុវត្តតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំខេត្ត ស្រុក-ក្រុង និងគណៈ កម្មាធិការគណបក្សក្រុង-ស្រុក ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ-សង្កាត់ ទូទាំងខេត្តឧត្តរមានជ័យ បានរៀបចំកម្មវិធីពិសានំបញ្ចុកសាមគ្គីជាតិឯកភាពជាតិនៅមូលដ្ឋានរៀងៗខ្លួន ក្នុងក្រមខណ្ឌដែលប្រទេសជាតិ កំពុងមានសុខសន្តិភាពពេញផ្ទៃប្រទេស។
ក្នុងបរិយាកាសដ៏សែនរីករាយនោះ ឯកឧត្តម ប៉ែន វូយ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចុងកាល់ លោក រិទ្ធី ប៉ាក់ ប្រធានគណៈបក្យប្រជជនកម្ពុជាស្រុកចុងកាល់និងលោក ហេង សុខអេង ក្រុមការងារថ្នាក់ខេត្តចុះពង្រឹងមូលដ្ឋានស្រុកចុងកាល់រួមនិងប្រជាពលរដ្ឋជាច្រើនបានជួបជុំក្នាពិសានំបញ្ចុកសម្លរខ្មែរនិងសម្លរណាំយ៉ាយ៉ាងឆ្ងាញ់ ពីព្រោះនំបញ្ចុកគឺជាអាហារដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលចិត្ត និងជាអាហារប្រពៃណីផង។
លោក រិទ្ធី ប៉ាក់ ប្រធានគណៈបក្យប្រជជនកម្ពុជាស្រុកចុងកាល់ បានថ្លែងថា នំបញ្ចុកមិនមែនជាកម្មសិទ្ធិរបស់បក្សនយោបាយណាមួយនោះទេ វាជារបស់ជាតិខ្មែរទាំងមូល។ លោក ក៏បានបញ្ជាក់ផងដែរថា មានតែនំបញ្ចុកសាមគ្គីជាតិ បង្រួបបង្រួមជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះឡើយ។ លោកបញ្ជាក់ថា ការហូបនំបញ្ចុកនៅថ្ងៃអាទិត្យនេះ ជាចលនាគាំទ្រផលិតផលខ្មែរ ជំរុញអោយទីផ្សារអង្ករខ្មែរ និងបន្លែបង្ការផ្សេងៗដែល យកមកធ្វើល្បោយនំបញ្ចុកផងដែរ។
ដើម្បីជាយុទ្ធសាស្ត្រវាយបំបែកច្រេះស៊ីដែករបស់ក្រុមជនជ្រុលនិយម តាមរយៈបំផុសឱ្យមានចលនាជួបជុំ «ហូបនំបញ្ចុក»នោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែមិថុនា ដើមសប្តាហ៍នេះ បានប្រកាសឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិ កា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាចូលរួមគ្នាពិសារនំបញ្ចុកនៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។ ក្រោយការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានឃើញមានចលនាគាំទ្រនំបញ្ចុកមានសកម្មភាពផុលផុសឡើង។ ការលក់នំបញ្ចុកក៏ដាច់ជាងសព្វមួយដងផងដែរ៕