តាកែវ៖ នាព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមហូបនំបញ្ចុកតេជោសាមគ្គី សន្តិភាព ឯកភាព និងការរីកចំរេីន ជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំធ្លក ឃុំស្រង៉ែ ស្រុកទ្រាំង។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងថា ការពិសារនំបញ្ចុកសាមគ្គីនេះ ជាផ្នែកមួយក្នុងការលើកកម្ពស់ស្នាដៃផលិតនំខ្មែរ ហើយក៏ជាឱកាសបង្ហាញឲ្យបរទេសដឹងថា ខ្មែរមាននំបញ្ចុក ដែលមានរសជាតិឆ្ងាញ់ ដែលអាចបរិភោគជាមួយទឹកសម្លជាច្រើនមុខ។ សម្លសម្រាប់ស្រស់ស្រូបពិសារជាមួយនំបញ្ចុកមានដូចជា សម្លរប្រហើរ សម្លការី សម្លណាំយ៉ា ឬអាចជ្រើសរើសពិសារជាមួយទឹកត្រីផ្អែម ទៅតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋនីមួយៗ។
គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងយុទ្ធនាការ «ហូបនំបញ្ចុក» ដែលរៀបចំដោយក្រុមអតីតបក្សប្រឆាំងនៅកម្ពុជានោះ កាលពីពេលថ្មីៗនេះនៅក្នុងឱកាសអញ្ជើញចុះចែកសញ្ញាប័ត្រដល់និស្សិតភូមិន្ទភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការហូរនំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយសម្ដេចក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា រឿងនំបញ្ចុក ហេតុអីបានជានំបញ្ចុកក្លាយទៅជារឿងនយោបាយទៅវិញ? មិចបានជាគេប្រែក្លាយបញ្ហានំបញ្ចុក ឲ្យទៅជារឿងនយោបាយមួយ ថាអ្នកណាស៊ីនំបញ្ចុក គឺសុទ្ធតែជាពួកគាំទ្រគេ ហើយត្រូវនគរបាល សមត្ថកិច្ចតាមដាន ធ្វើឲ្យអ្នកលក់នំបញ្ចុកមួយចំនួន មានការភ័យខ្លាចទៅទៀត»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ដថា «ឥឡូវខ្ញុំសូមប្រកាសជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិក សមាជិ កាគណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សូមទទួលទាននំបញ្ចុកទាំងអស់គ្នា ហើយលឺគេថាយកថ្ងៃ០៩នេះ ធ្វើជាទិវានំបញ្ចុក។ សូមថ្ងៃទី០៩នេះ សមាជិក សមាជិកាគណបក្សប្រជាជន ថ្នាក់ដឹកនាំតាមខេត្ត គណៈពង្រឹងនាំគ្នាចុះមូលដ្ឋានរៀបចំនំបញ្ចុកឲ្យសមាជិកគណបក្សប្រជាជនពិសារថ្ងៃទី០៩ ខែមិថុនា៕ វង្ស ចំរើន