តាកែវ៖ ដើម្បីចូលរួមធានាសុខសុវត្ថិភាពលើចំណីអាហារនៅលើទីផ្សារ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ ដឹកនាំដោយលោក ប៉ោ លាងគង់ រួមជាមួយលោក កង អាណាន់ អភិបាលក្រុងដូនកែវ និងសមត្ថកិច្ចពាក់ព័ន្ធ បានសហការណ៏ចុះអប់រំណែនាំដល់ក្រុមអាជីវករ និងធ្វើការពិនិត្យទំនិញជាគ្រឿងកំប៉ុង ការផលិតនំបញ្ចុក បន្លែបង្ការមួយចំនួន ដើម្បីស្វែងរកសារធាតុគីមី ។ ការចុះពិនិត្យនេះ ធ្វើឡើងនៅក្នុងផ្សារតាកែវ ដែលស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុត្រូលខេត្តតាកែវ មានប្រសាសន៍ឲ្យដឹងថា នៅក្នុងការចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការពិនិត្យ និងធ្វើតេសបឋម ទៅលើនំបញ្ចុក បន្លែជាប្រភេទល្បោយ សសៃគុយទាវ បង្អែម លូត និងត្រីងៀតបបែល ជាលទ្ធផល មន្ត្រីជំនាញរកឃើញ ត្រីងៀតបបែល មានសារធាតុគីមីបូរ៉ាក់ ចំណែកឯ នំបញ្ចុក និងបន្លែជាប្រភេទល្បោយ បង្អែមលូត សរសៃគុយទាវ គឺមិនមានសារធតុគីមីហាមឃាត់ ។
លោកប្រធានសាខារូបនេះ បន្តថា ក្រៅពីពិនិត្យធ្វើតេស៍លើចំណីអាហារ យើងក៏បាន រកឃើញទំនិញជាប្រភេទគ្រឿងកំប៉ុង ទឹកក្រូចដបធំ១៥ដប និងទឹកដោះគោ២កំប៉ុង ដែលខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ ហើយក្នុងនោះដែរមន្ត្រីជំនាញ បានធ្វើការដកហូតយកមករក្សាទុកនៅសាខាកាំកុងត្រូលខេត្ត ដើម្បីធ្វើការបំផ្លាញ ចោល ។
បើតាមលោក ប៉ោ លាងគង់ ក្រៅពីការចុះត្រួតពិនិត្យទំនិញ និងធ្វើតេស៍រកសារធាតុគីមីនៅក្នុងផ្សារតាកែវ ក្រុម មន្រ្តីជំនាញរួមសហការនឹងអាជ្ញាធរក្រងដូនកែវ បានចុះទៅដល់ទីតាំងផលិតនំបញ្ចុកដោយផ្ទាល់ ក្នុងនោះ មន្រ្តីជំនាញក៏បានត្រួតពិនិត្យពីបញ្ហាអនាម័យ និងធ្វើត្តេស៍នៅលើនំបញ្ចុកម្តងទៀត ជាលទ្ធផលគឺរកពុំឃើញ តែរូបលោកបានអប់រំណែនាំឲ្យ ម្ចាស់សិប្បកម្មផលិតនំបញ្ចុះ ត្រូវមានអនាម័យល្អ ដើម្បីធានាកុំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ ។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ ដែលបានចូលរួមការចុះត្រួតពិនិត្យជាមួយមន្រ្តីជំនាញ ក៏បានធ្វើការអប់រំដល់បងប្អូនជាអាជីវករលក់ដូរក្នុងផ្សារតាកែវ ត្រូវចូលរួមទាំងអស់គ្នា លក់ទំនិញដែលមានគុណភាព និងមានអនាម័យល្អ គ្មានជាតិគីមី ដើម្បីចូលរួមលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋ ហើយរូបលោកក្នុងនាមអាជ្ញាធរក្រុង សូមឲ្យបងប្អូន ដែលជាម្ចាស់សិប្បកម្មផលិតនំបញ្ចុក សូមអញ្ជើញធ្វើច្បាប់អនុញ្ញាតពីមន្រ្តីជំនាញឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមន្រ្តីជំនាញបានបង្ហាញអំពីបច្ចេកទេស និងសុវត្ថិភាពនៃការកផលិតថែមទៀត ៕ វង្ស ចំរើន