ភ្នំពេញៈ ស្ត្រី ២នាក់ ជិះម៉ូតូមួយគ្រឿងចេញពីដកលុយនៅទូរ ATM បញ្រ្ចាសផ្លូវក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់២នាក់បញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត កែងផ្លូវលេខ ២១៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសន្តិសុខយាមនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាវេវ សេ110 ពួកក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១BL-៨១៣១ ធ្វើដំណើរតាម បណ្ដោយវិថីព្រះមុន្នីរ៉េតទិសដៅពី កើតទៅលិច ក្នុងល្បឿនលឿន ស្រាប់តែមាននារី ០២នាក់ បើកម៉ូតូ មួយគ្រឿងម៉ាក ហុងដាស្កុបពី ស៊េរីឆ្នាំ2019 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HJ-១៥១០ ដែលបើកបរដោយស្ត្រី២នាក់ ទើបតែចេញពីដកលុយ នៅទូរ ATM បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅបញ្រ្ចាសផ្លូវ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកគ្នាពេញទំហឹង បណ្ដាលរងរបួសធ្ងន់ ស្ត្រី២នាក់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ និង ខូចខាតម៉ូតូស្ទើតែទាំងស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានធ្វើការវាស់វែងយកម៉ូតូទាំង០២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌ ៧មករារងចាំដោះស្រាយនៅពេលក្រោយតាមនីតិវិធី៕ អត្ថបទនិងរូបភាពទឹម វិបុល