(កំពង់ធំ)៖ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបង្ហាញពីឆន្ទៈយ៉ាងមុតមាំ នៅចំពោះមុខប្រជាពលរដ្ឋកម្ពុជាថាឯកឧត្តមនឹងពិភាក្សាជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំ ការស្នើសុំដាក់នំបញ្ចុកជាម្ហូបតំណាងអត្តសញ្ញាណជាតិខ្មែរ និងពិចារណារៀបចំស្នើសុំទៅអង្គការយូណេស្កូ សុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិយរបស់ពិភពលោក បន្ទាប់ពីព្រឹត្តិការណ៍ ពិសានំបញ្ចុកសាមគ្គីភាព សន្តិភាពសម្តេចតេជោនៅទូទាំងប្រទេសរួច ។ ចំពោះឆន្ទៈនិងការប្តេជ្ញាចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រីខាងលើ ត្រូវបានប្រជាពលរដ្ឋទូទៅ សម្តែងការត្រេកអរយ៉ាងខ្លាំង ព្រោះនំបញ្ចុកគឺជានំដែលប្រជាពលរដ្ឋខ្មែរទូទៅនិយ័យទទួលទាន គ្រប់កាលៈទេសៈ ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា ក្រោយពេលប្រជាពលរដ្ឋរៀបចំពិធីជួបជុំគ្នា ពិសានំបញ្ចុកសាមគ្គី សន្តិភាពទ្រង់ទ្រាយធំនៅទូទាំងប្រទេសកម្ពុជា តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហើយនោះ ឯកឧត្តមនឹងពិភាក្សាជាមួយលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា អំពីការបំពេញបែបបទស្នើដាក់បញ្ចូល «នំបញ្ចុក» នេះជាមុខម្ហូបតំណាងអត្តសញ្ញាណជាតិខ្មែរ និង ស្នើសុំដាក់ជាសម្បត្តិបេតិ កភ័ណ្ឌអរូបិយមនុស្សជាតិនៅអង្គការយូណេស្កូផងដែរ ។ ដើមចមបណ្ដាលឲ្យឯកឧត្តមរដ្ឋមន្ត្រី មានឆន្ទៈកសាងសមិទ្ធផលជូនជាតិខេមរាយ៉ាងដូច្នេះ ដោយសារឯកឧត្តមមើលឃើញពីឆន្ទៈរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស កម្ពុជា ចង់ឲ្យនំបញ្ចុកនេះ មានតាំងពីដូនតាដើមត្រូវបានទទួលស្គាល់ ជាសកល ពិសេសចង់ឲ្យប្រជាជនក្នុងលោក បានបរិភោគដោយផ្ទាល់ផងដែរ ។

ទន្ទឹមនិងការប្តេជ្ញាចិត្ត របស់ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ខាងលើនេះដែរ ប្រជាពលរដ្ឋ ដែលចូលរួម ពិសានំបញ្ចុក បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំង ចំពោះគំនិតផ្តួចផ្តើម របស់ឯកឧត្តម រដ្ឋមន្ត្រី ។

ឯកឧត្តម រដ្ឋមន្ត្រីក៏បានអះអាងថា នៅក្នុងពិព័រណ៍ម្ហូបអាហារ Gastronomy ដែលក្រសួងទេសចរណ៍គ្រោងរៀបចំក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ នំបញ្ចុក និងម្ហូបអាហារខ្មែរមួយចំនួនទៀត ដូចជា សម្លម្ជូរគ្រឿង អាម៉ុ កបង្អែមគ្រាប់ត្នោតជាដើមនឹងត្រៀមរៀបចំជាម្ហូបតំណាងអត្តសញ្ញាណខ្មែរដើម្បីទាក់ទាញទេសចរផងដែរ៕