តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានផ្ញើសារដាស់តឿន និងក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការ​ប្រុង​ប្រយ័ត្នឲ្យបានខ្ពស់ និងគិតគូររកទីតាំងសុវត្ថិភាព នៅអំឡុងពេលមានខ្យល់កន្រ្តក់កើតមានម្តងៗ ពិសេស​គឺ​មានវិធីសាស្រ្តសម្រាប់ការពារខ្លួនឯង។
ថ្លែងនៅក្នុងឱកាសអញ្ជើញចុះចែកអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តតាកែវ ដល់​គ្រួសារដែលរងគ្រោះធម្មជាតិខ្យល់កន្រ្តក់ចំនួន៤៥គ្រួសារ នៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹក​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជា​ប្រធាន​កិត្តិយស​សាខា​កាក​បាទ​ក្រហមកម្ពុជាខេត្តតាកែវ បានមានប្រសាសន៍បន្តថា បញ្ហាគ្រោះធម្មជាតិនេះ យើងពិ​ត​ជាមិន​អាច​ដឹង​មុន ឬស្មានបានឡើយ វាអាចមកគ្រប់ពេល ព្រោះនេះជាការបម្រែ​បម្រួល​អាកាស​ធាតុ ដូច្នោះ​សូម​បង​ប្អូន​ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលមានគេហដ្ឋាននៅទីវាល សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​មិន​ត្រូវ​ចេញពីផ្ទះឡើយ នៅពេលដែលមានភ្លៀង ខ្យល់កើតឡើង ព្រោះវាអាច​បណ្តាល​ឲ្យ​យើងមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។
ឯកឧត្តមប្រធានកិត្តិយស បន្ថែមទៀតថា ប្រសិនបើបងប្អូនណាម្នាក់មិនមានការប្រុងប្រយ័ត្ន ឬធ្វេសប្រហស ដោយមិនបានគិតគូរអំពីបញ្ហាប្រែប្រួលអាកាសធាតុនេះទេ វាអាចនឹងឲ្យយើងជួបបញ្ហា​ជាក់ជាពុំខាន ពោលគឺអាចនឹងបាត់បង់អាយុជីវិតផង និងខូចខាតទ្រព្យសម្បត្តិផង ប៉ុន្តែបើយើងមានការ​ប្រុងប្រយ័ត្ន ហើយការពារអាយុជីវិតបាន នោះបញ្ហាខូចទ្រព្យសម្បតិ្ត យើងអាចរកបាននៅពេលក្រោយ តែបើបាត់បង់អាយុជីវិតហើយ នោះបាត់បង់រហូត។
ឯកឧត្តមប្រធានកិត្តិយសសាកខា បន្តទៀតថា ទីណាមានទុក្ខលំបាក និងមានគ្រោះ​មហន្ត​រាយនានា ទីនោះតែងតែមានមន្រ្តីគ្រប់លំដាប់ថ្នាក់ និងមន្រ្តីកាកបាទក្រហម ចុះទៅដល់ភ្លាមៗ ពោល​គឺកាកបាទក្រហមកម្ពុជា នឹងនៅជិតប្រជាពលរដ្ឋ ចុះជួយបងប្អូនគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយសារ តែអត់អាហារដែលយើងមិនបានដឹងនោះឡើយ ហើយសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តែងតែណែនាំទៅដល់មន្រ្តីកាកបាទក្រហម ពិសេស​ក្រុមយុវជនកាកបាទក្រហម ឲ្យចុះជួយបងប្អូនប្រជាពលរដ្ឋ ណា ដែលមានទុក្ខលំបាកលើបញ្ហាជីវភាព ជួបគ្រោះធម្មជាតិនានា ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយទីទល់ក្រជាដើម ជាពិសេសគឺឧស្សាហ៍​ចុះសាកសួរសុខទុក្ខបងប្អូងប្រជាពលរដ្ឋឲ្យដល់ខ្នងផ្ទះ ។

អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាចំនួន ដោយឡែក​ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ ឧបត្ថម្ភ​ថវិកា​គ្រួសារ​ដែល​រង​គ្រោះ​ដោយខ្យល់កន្រ្តក់ទាំង៤៥គ្រួសារ នូវថវិកា២០ម៉ឺនរៀលផងដែរ៕