អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម ម៉ុម សារឿន កាលពីថ្ងៃទី10ខែឧសភាឆ្នំ2019បានដឹកនាំមន្រ្តីបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានចំនួន១កន្លែង ក្នុងស្រុកថាឡាបរិវ៉ាត់។

ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យការដ្ឋានសាងសង់ស្ពាន (ស្ពានបាឡេ) នៅចំណុចដែកបេទ្បេតិ៍ អូរគន្ធា មានប្រវែង៤៨ម៉ែត្រ ទទឹង៤,៥ម៉ែត្រ ស្ថិតនៅភូមិអូររ៉ៃ ឃុំអូររ៉ៃ ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ឯកឧត្តមដោយបានជំរុញឲ្យមន្រ្តីបច្ចេកទេសយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា សមិទ្ធផលថ្មីៗដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជូនដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង រួមមាន៖ ជា ផ្លូវ ជាស្ពានឈើរ និងស្ពានដែក បេឡេតិ៍ជាច្រើនកន្លែង ស្ថិតក្នុងឃុំសៀមបូក ស្រុកសៀមបូក និងឃុំកាំងចាម ឃុំអូររ៉ៃ ឃុំថាឡាបរិវ៉ាត់ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែងកំពុងយកចិត្តទុកដាក់ក្នុងការស្ថាបនាជាបន្តបន្ទាប់ផងដែរ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនេះ ឱ្យកាន់តែមានភាពងាយស្រួលនិងមានជីវភាពល្អប្រសើឡើង។

ហើយសមិទ្ធផលថ្មីៗទាំងនេះ និងជួយសម្រួលដល់ការធ្វើដំណើរនិងបម្រើការដឹកជញ្ជូនកសិផល និងផលិតផលផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋជាង ១០០០០គ្រួសារ តាមបណ្តោយទន្លេមេគង្គ ទៅកាន់ទីផ្សារផងដែរ។

ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក បានសម្តែងនូវការអបអរសាទរ រីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយនូវរាល់ការលំបាកគ្រប់យ៉ាងជូនពួកគាត់៕