ជម្ងឺគ្រុនឈាមក្នុងខេត្តក្រចេះ បើគិតពីដើមឆ្នាំ២០១៩ មកទល់ពេលនេះ មានការកើនឡើងខ្លាំង បើធៀបទៅនឹងឆ្នាំមុន មានតែ៣០ករណី ដែលធ្លាប់តែកើតឡើងមកលើកុមារ ។ ជាក់ស្តែងក្នុងឆ្នាំនេះមាន ៤៤២ករណី នៅទូទាំងខេត្តក្រចេះ កើតឡើងមិនថាកុមារ ឬ មនុស្សពេញវ័យ និងចាស់នោះទេ ហើយតំបន់មួយចំនួនដែលទទួលរងខ្លាំងជាងគេគឺ ៖ ឃុំមួយចំនួនក្នុងស្រុកស្នួល និងចិត្របុរី ក្នុងនោះមានមនុស្សចាស់ ៦ករណី មានស្លាប់ចំនួន ៣ នាក់ ក្នុងនោះមានមនុស្សធំអាយុលើ១៥ ឆ្នាំម្នាក់បានស្លាប់ផងដែរ ។ នេះជាការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិត ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ឲ្យក្រុមទូរទស្សន៍យើងបានដឹងកាលពីថ្ងៃ ១០ មិថុនា ២០១៩ ។

កត្តាដែលជ្រុញឲ្យកើតមាននូវជម្ងឺនេះឡើង គឺកត្តាអាកាសធាតុ ដោយសាររដូវប្រាំងមានរយៈពេលអូសបន្លាយវែង ហើយរដូវវស្សាមានភ្លៀងធ្លាក់មកយ៉ាងគំហុគ បង្ករឲ្យមានការកើតឡើងលឿន ។ ហើយជម្ងឺនេះកើតឡើងដោយមុសខ្លា ហើយវាខាំនៅពេលថ្ងៃ ទីកន្លែងដែលពួកវាងាយកើតឡើង គឺកន្លែងមានដក់ទឹកហើយថ្លារ រួមមាន ៖ ពាងទឹក អាងទឹក សំបកដប សំបកដូង កំប៉ុង ថូផ្ការ ជាពិសេសសំបកកងឡាន ដែលពិបាកនឹងធ្វើការចាក់ចេញ  ។

លោកបន្តថា ៖ វិធានការដែលអាចបង្ការការពារបានខ្ពស់គឺ ការសម្អាតអនាម័យក្នុងនិងក្រៅបរិវេណផ្ទះ បើកឲ្យពន្លឺខ្យល់អាកាសចូលផ្ទះគ្រប់គ្រាន់ ធ្វើការសម្អាត និងលុបទីកន្លែងដែលដក់ទឹក និងដាក់ថ្នាំអាប៊ែតសម្លាប់និងកម្ចាត់មិនឲ្យមានកើតថ្មី ក្នុងរយៈពេល១សប្តាហ៍ម្តង ដែលវិធីនេះមានប្រសិទ្ធភាពយូរអង្វែងជាងការបាញ់ថ្នាំ ដែល សម្លាប់បានតែ១ថ្ងៃ ហើយករណីបាញ់ថ្នាំនេះ គឺបាញ់ទៅលើតែតំបន់ដែលសម្បូរនូវជម្ងឺគ្រុនឈាមនេះ ហើយថ្ងៃបន្ទាប់វានឹងមានការកកើតថ្មីបន្ថែមទៀត ។

ក្នុងកម្មភាពបង្ការនេះដែរ មន្ទីរបានចុះផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋតំបន់ងាយរងគ្រោះតាមរយៈរថយន្ត ចុះដាក់ថ្នាំទៅតាមពាងទឹក អាងទឹក និងបានធ្វើការបាញ់ថ្នាំកម្ចាត់មូសលោកបន្ថទៀតថា ៖ អាការៈសង្ស័យនៃជម្ងឺនេះ យើងអាចសម្គាល់បានទៅលើកុមារក្តៅខ្លួនខ្លាំង ឈឺឆ្អឹងឆ្អែង ឈឺពោះ ក្អួតចង្អោរ ចេញស្នាមអុចកន្ទួល ឬស្នាមជំជាដើម ។

បើសិនជួបនូវអាការៈខាងលើនេះ សូមប្រញាប់នាំកូនចៅ ឬសមាជិកមកកាន់មណ្ឌុលសុខភាព ឬមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ជៀសវាងការមកទទួលសេវាពិនិត្យ និងព្យាបាលនៅគ្លីនិកឯកជន ដោយគិតមកទល់ពេលនេះ គ្មានគ្លីនិកឯកជនណាមួយ មានលទ្ធភាពពិនិត្យ និងព្យាបាលជម្ងឺគ្រុនឈាមនេះបាន ដូចជាមន្ទីរពេទ្យរបស់រដ្ឋនោះទេ ពីព្រោះអាការៈជម្ងឺនេះមានការប្រែប្រួលលឿនរហ័សអាចបង្កឲ្យស្លាប់បាន ។

ហើយចំពោះបញ្ហានេះដែរ ក្រសួងកំពុងតែរៀបចំដាក់ពាក្យបណ្តឹងទៅតុលាការ និងបានចុះកិច្ចសន្យាជាបណ្តើៗហើយ និងកំពុងស្វែងរកសេវាដែលគ្មានច្បាប់អនុញ្ញាត មកធ្វើការណែនាំនិងចាត់វិធានការទៅតាមផ្លូវច្បាប់ ។ តាប៉ៃលិនCTV8 ក្រចេៈ