ខេត្តព្រះសីហនុ៖ ការចុះកាត់ទម្លាក់ខ្សែកាបអុបទិច រញ៉េរញ៉ៃ នៅតាមដងផ្លូវចេញ ដោយតម្រូវឲ្យជីកកប់ក្រោម ដីជំនួសវិញ ដើម្បីរក្សាសោភណ្ឌភាពទីក្រុងព្រះសីហនុ រួមមានអាជ្ញាធរខេត្តព្រះសីហនុ មន្ទីរប្រៃណីយ៍ខេត្ដ អង្គភាពអគ្គីសនី សមត្ថកិច្ច អង្គភាព ស្ថាប័ន្ធពាក់ព័ន្ធ និងក្រុមហ៊ុនប្រតិបត្ដិករអ៊ីនធឺណេត កុំឱ្យមានការឆ្លងចរន្តអគ្គិស នី ហើយកាត់បន្ថយអគ្គីភ័យកើតឡើង និង ធ្វើឲ្យខេត្តព្រះសីហនុមានសោភណ្ឌភាពប្រសើរឡើង ថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា នៅជិតបង្គោលភ្លើង កែងវិថីឯករាជ្យ និងផ្លូវ១២៤ ថាដូចការគ្រោងទុកនៃខ្លឹមសារ នៃកិច្ចប្រជុំពិភាក្សាគ្នារួចមក កាលពីខែមុនកន្លងទៅបានឯកភាពគ្នា នៅដើមខែមិថុនា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្ដ ក្រុង និងស្ថាប័នពាក់ព័ន្ធចម្រុះ នឹងចុះកាត់ទម្លាក់ខ្សែកាបអុបទិចទម្លាក់ចុះពីលើអាកាស ឬនៅលើបង្គោលភ្លើង នៅនៅតាមដងផ្លូវសំខាន់ៗចំនួន ៨ខ្សែក្នុងក្រុងព្រះសីហនុ ដើម្បីរក្សាសោភណ្ឌភាពក្រុងទេសចរណ៍ឲ្យមានរបៀបរៀបរយល្អប្រសើរឡើង និងបញ្ចៀសការឆ្លងចរន្ដបណ្ដាលឲ្យមានការផ្ទុះឆាបឆេះជាអគ្គីភ័យ ធ្វើឲ្យមានការដាច់សេវាផ្គត់ផ្គង់ចរន្ដអគ្គិសនី និងបង្កឲ្យមានការខូចខាតទ្រព្យសម្បិត្ដផងដែរ។

ដូច្នេះ អាជ្ញាធរខេត្ដព្រះសីហនុ បានសហការជាមួយនឹងក្រុមហ៊ុន (ខេមបូឌា) ហ្វឺប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (Cambodia Fiber Optic Communication Network Co.,Ltd) ដែលហៅកាត់ថា (ស៊ីហ្វុក CFOCN) ដែលជាក្រុមហ៊ុនខ្សែកាបអុបទិចក្រោមដីមានជំនាញរៀបចំនៅរាជធានីភ្នំពេញ ខេត្ដសៀមរាម ឲ្យមករៀបចំនៅខេត្ដព្រះសីហនុ ក្នុងការចាត់ចែងរៀបចំប្រព័ន្ធប្រតិបត្ដិករខ្សែកាបអុបទិកទាំងអស់ឲ្យកប់ក្រោមដីជំនួសវិញ។ សម្រាប់ជំហ៊ានដំបូង ឬលើកទី១នេះ គឺចាប់ផ្ដើមកាត់ទម្លាក់ខ្សែកាបអុបទិកចាប់ពីបង្គោលភ្លើងកែងវិថីឯករាជ្យ (១០០) និងផ្លូវលេខ ១២៤ ដែលស្ថិតនៅក្នុងសង្កាត់លេខ ៣ រហូតដល់រង្វង់មូលតោពីរ ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា បណ្តាញខ្សែកាបអ៊ីធើណេតនៅក្នុងខេត្តព្រះសីហនុរាល់ថ្ងៃនេះ គឺត្រូវបានគេចងព្យួរយ៉ាងរញ៉េរញ៉ៃ នៅតាមបង្គោលភ្លើងតាមដងផ្លូវនានា ក្នុងក្រុងព្រះសីហនុ ករណីនេះនាពេលកន្លងមក ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនស៊ីហ្វុក បានតម្រូវឲ្យក្រុមហ៊ុនអ៊ីនធើណេត ត្រូវកាត់ទម្លាក់ខ្សែរទាំងនោះ ងាកមកកប់ក្រោមដីជំនួសវិញ ប៉ុន្តែត្រូវបានខកខានទៅវិញ។

គួររំឭកផងដែរថា កាលពីព្រឹកព្រលឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ អគ្គិសនីខេត្តព្រះសីហនុ បានធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើង PMT333 និងSx35 ដើម្បីឲ្យក្រុមការងារពន្លត់អគ្គិភ័យធើ្វការពន្លត់ភ្លើងដែលឆេះខ្សែកាបអ៊ីនធឺណេតរាលដាលដល់ខ្សែបណ្តាញតង់ស្យុងទាប (LV) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួន ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ។