កំពង់ធំ៖ ឯកឧត្តម សុខ លូ ក្នុងនាមជាអភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បានធ្វើការអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះឲ្យត្រឹមត្រូវ និងពាក់ខ្សែក្រវ៉ាត់ឲ្យបានគ្រប់ៗគ្នា ហើយចំពោះអ្នកបើបរម៉ូតូ និងអ្នករួមដំណើរ ត្រូវពាក់មួកសុវត្តិភាពទាំងអស់គ្នា ហើយបើកសូមឲ្យមើល ពីស្ថានភាពផ្លូវ ត្រូវចេះយោគយល់គ្នា អនុគ្រោះឲ្យគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើផ្លូវថ្នល់ ដើម្បីកុំឲ្យការសប្បាយដើរកម្សាន្ត ឬការធ្វើដំណើរទៅសួរសុខទុក្ខបងប្អូននៅស្រុកកំណើត ក្លាយជាសោកនាដកម្មនៅក្នុងគ្រួសារទៅវិញ។ ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន មានរស្មីច័ន្ទពេញវង់ នៅក្រុងស្ទឹងសែន ដែលមានអ្នកចូលរួមប្រមាណជាង ៧០០នាក់ផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តកំពង់ធំ ក៏បានលើកឡើងពីមូលហេតុគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានការស្លាប់ និងរបួសបង្ក គឺបង្កឡើងដោយសារការបើកបរក្នុងល្បឿនហួសកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ការវ៉ាជែងដោយប្រថុយប្រថានបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ឬរបួសពិការយ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនៅកុមារកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើនមកលើសង្គមកម្ពុជា របស់យើង។

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាព្រឹត្តិការណ៍ដែលផ្ដួចផ្ដើមដោយគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) ដែលតម្រូវឲ្យប្រទេសជាសមា ជិក រៀបចំនៅក្នុងអំឡុងខែឧសភាជារៀងរាល់ឆ្នាំ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភព លោកជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសកម្ពុជាផងដែរ ចូលរួមបង្កើនស្មារតីយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន៕