ភ្នំពេញ៖ នាពេលបច្ចុប្បន្ន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​បានជម្រុញអោយ អភិបាលខណ្ឌទាំង​១៤ ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង​១៤​ខណ្ឌ មិនអោយរំលោភលើចិញ្ជើមផ្លវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ ទទួលផែនសណ្ដាប់ធ្នាប់ បានចុះប្រតិបត្តិការ ចាត់វិធានការក្ដៅ នៅតាមបណ្ដោយផ្លូវលេខ៨៨ ចំណុចក្រោយមន្ទីរពេទ្យគន្ធបុប្ផា មូលដ្ឋានសង្កាត់ វត្តភ្នំ ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានអោយដឹងថា មុនពេលលោក ដឹកនាំកម្លាំងគណៈបញ្ជាការឯក​ភាព ឈានដល់ចាត់វិធានការក្ដៅ វៃបំបែក បេតុង ការ៉ូ ដែលប្រជាពលរដ្ឋរៀប បំពានមកលើផ្លូវ និង ចាក់បេតុងបិទប្រព័ន្ធលូបង្ហូទឹក គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានចុះជូនដំណឹង និងណែនាំ ជាច្រើនលើកច្រើនសារមកហើយ តែបងប្អូនប្រជាពលរដ្ឋ នៅតែបំពាន មិនចូលរួមអនុវត្តន៍ជាមួយអាជ្ញាធរខណ្ឌឡើយ។

ចុងក្រោយ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវលេខ៨៨ ចូលរួមសហការរក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវជាមួយ អាជ្ញាធរ ដើម្បីរំដោះចិញ្ជើមផ្លូវ សម្រាប់អ្នកថ្មើរជើង ជនពិបាការធ្វើដំណើរ និងដើម្បីសោភ័ណ្ឌភាពទីក្រុងផងដែរ។

គួរំលឹកផងដែរកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទ អាជ្ញាធរដែនដីទាំង១៤ខណ្ឌនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតហើយ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដាក់ចេញនូវវិធានអោយកម្លាំងពាក់ព័ន្ធ ចាត់វិធានការចុះរៀបចំសណ្ដាប់ធ្នាប់ ចិញ្ចើមផ្លូវសាធារណៈនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញខណៈដែលរាជធានីមួយនេះតែងទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ៕

អត្ថបទ និង រូបភាព៖ ទឹម វិបុល