អភិបាលខេត្តកំពត បានលើកឡើងថា អតីតយុទ្ធជនគឺជាវីរៈជនការពារទឹកដី និងរំដោះជាតិមាតុភូមិដោយហ៊ានលះបង់ជីវិតខ្លួន និងគ្រួសារ ដូច្នេះរាល់ការខ្វះខាត និងការលំបាកក្នុងជីវភាពរស់នៅរបស់អតីតយុទ្ធជនត្រូវតែដោះស្រាយជាអាទិភាព។

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅទីរួមស្រុកអង្គរជ័យ នាព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩  ឯកឧត្តម ជាយ តាយអភិបាលខេត្តកំពត បានមានប្រសាសន៍ថា អតីតយុទ្ធជនជាគំរូវីរភាពដ៏មុះមុត និងមានគុណបំណាច់យ៉ាងធំធេង ដែលពួកគេបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង ។ ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការការពារបូរណភាពទឹកដី និងការកសាងសន្តិសុខ សន្តិភាព ស្ថេរភាពសង្គម សំដៅធានាឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។

ឯកឧត្តម បានបន្តទៀតថា ដោយផ្អែកលើគុណបំណាច់ទាំងនេះ រដ្ឋបាលខេត្តនឹងខិតខំប្រឹងប្រែង សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងស្ថាប័នពាក់ព័ន្ធនានា ធ្វើយ៉ាងជួយសម្រួលដល់ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ឲ្យមានភាពប្រសើរឡើង ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា បញ្ហាខ្វះខាត់ និងការលំបាកក្នុងជីវភាពរស់នៅរបស់អតីតយុទ្ធជន រដ្ឋបាលខេត្ត រួមនឹងមន្ទីរជំនាញ និងពាក់ព័ន្ធត្រូវខិតខំដោះស្រាយជាអទិភាព។

បើតាមរបាយការណ៍របស់លោកស្រី ព្រំ សុភាព ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពត បានឲ្យដឹងថា អតីតយុទ្ធជនក្នុងខេត្តកំពតមានចំនួន ៤៦១៤នាក់, មានអ្នកនៅក្នុងបន្ទុក និងកូន ចំនួន៧០៧៤នាក់ ក្នុងនោះចំនួនសមាជិកសមាគមន៍អតីតយុទ្ធជនមានចំនួន ៤១៤៧នាក់  ហើយអតីតយុទ្ធជនគ្រប់ប្រភេទកំពុងទទួលរបបគោលនយោបាលពីរដ្ឋ មានទឹកប្រាក់ប្រចាំខែប្រមាណជាងមួយពាន់ប្រាំមួយរយលានរៀលក្នុងមួយខែ៕