ភ្នំពេញ៖ កម្លាំងនគរបាលនគរបាលប៉ុស្តិ៍មនោរម្យ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋជាអ្នក ធ្វើដំណើរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម មើលស្លាកសញ្ញាចរាចរ និងចូលរួមគោពរស្លាកសញ្ញាទាំងអស់គ្នា ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរ និងករណីគ្រោះចរាចរដោយកត្តាមនុស្ស។

ពាក់ព័ន្ធបញ្ហានេះ លោក អនុសេនីយ៍ឯក ខែម សំអាង នាយនគរបាលប៉ុស្តិ៍មនោរម្យបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក វរៈសេនីយ៍ឯក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករា អោយកំលាំងនគរបាលប៉ុស្តិ៍មនោរម្យដាក់គោលដៅនៅចំណុចស្តុបថ្មដា នេះ ដើម្បីត្រួតពិនិត្យច្បាប់ចរាចរលើអ្នកបើម៉ូតូមិនពាក់មួកសុវត្​ថិភាព និងមិនដាក់កញ្ចក់មើលក្រោយ ហើយមួយទៀតលើអ្នកបើកយានយន្តគ្រប់ប្រភេទដែលមិនគោរពស្លាកសញ្ញាហាមបត់ឆ្វេង (ដែលមន្ទីរសាធារណៈការបានដាក់នាពេលកន្លងមក) ហើយអ្នកធ្វើដំណើរតាមមហាវិថីកម្ពុជា​​​ក្រោម ពីផ្សារផ្មីមកដល់ស្តុបថ្មដា គឺមិនអាចបត់ឆ្វេងមកតាមបណ្ដោយផ្លូវសុកហុក បាននោះទេ តែបើបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមបណ្ដោយមហាវិថីកម្ពុជា ពីចំណុចស្តុបណានជីងមកដល់ចំណុចស្តុបថ្មដាដូចគ្នា គឺអាចបត់ស្តាំ មកតាមបណ្ដោយផ្លូវសុកហុកបាន។

លោក នាយប៉ុស្តិ៍នគរបាលមនោរម្យ បានបញ្ជាក់ផងដែរថា ចំពោះការផាកពិន័យ គឺកម្លាំងនគរបាលប៉ុស្តិ៍បាន ធ្វើកំណត់ហេតុដកហូតម៉ូតូបណ្តោះអាសន្ន ហើយឲ្យពួកគាត់ទៅបង់ប្រាក់ពិន័យនៅអធិការដ្ឋាននគរបាលខណ្ឌមករា ដើម្បីយកម៉ូតូមកវិញ។
ពាក់ព័ន្ធបញ្ហានេះ លោក វរៈសេនីយ៍ទោ ហ័ន វិបុល អធិការរង ទទួលផែនសណ្ដាប់ធ្នាប់ និងចរាចរ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានអោយដឹងថា នៅចំណុចស្តុបភោជនីយដ្ឋានថ្មនេះ គឺខាងជំនាញមន្ទីរសាធារណៈការរាជធានីភ្នំពេញ បានតំឡើងស្លាកសញ្ញា ចរាចរនៅចំណុច មហាវិថីកម្ពុជាក្រោម កែងផ្លូវសុខហុក នេះ បាន​រយៈ​ពេលជិត១ឆ្នាំ មកហើយតាំងពីដើមខែសីហា ឆ្នាំ២០១៨ ហាមអ្នកធ្វើតាមបណ្ដោយមហាវិថីកម្ពុជាក្រោម មក​ពីផ្សារធំថ្មី មិនអាចបត់ឆ្វេង បានឡើយ ដោយអនុញ្ញាតអោយធ្វើដំណើរទៅមុខត្រង់និងបត់ស្ដាំបាន។គួរំលឹកផងដែរកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទ អាជ្ញាធរដែនដីទាំង១៤ខណ្ឌនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតហើយ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដាក់ចេញនូវវិធានអោយកម្លាំងពាក់ព័ន្ធ ការពិនិត្យទៅលើការកកស្ទះចរាចរណ៍ ដើម្បីរកវិធានការដោះស្រាយធ្វើយ៉ាងណាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតំបន់ស្មុគស្មាញមួយចំនួន ខណៈដែលរាជធានីមួយនេះតែងទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ៕អត្ថបទ និង រូបភាព៖ ទឹម វិបុល