ភ្នំពេញ ៖ រថយន្តចំនួន៦គ្រឿងបើកបុកបន្តកន្ទុយគ្នា ក្នុងនោះមានរថយន្តចំនួន៣គ្រឿងរងខូចខាតធ្ងន់ អ្នកបើកបរម្នាក់រងរបួសជើង កំណាត់ផ្លូវត្រូវបានកកស្ទះចរាចរណ៍ កាលពីវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវវេងស្រេង មុខផ្សារចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ​សែន​ជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តទី១ ខាងមុខគេ ម៉ាកសាំយ៉ុង មិនចាំស្លាកលេខ ក្រោយកើតហេតុ ខូចតិចតួច បានបើកចេញទៅបាត់ ។ ទី២ រថយន្តម៉ាក ស្តារិច ពណ៌ ស ម្ចាស់ដោះស្លាកលេខមុខក្រោយ​ទុកបាត់អស់ហើយ ដឹកខោអាវរោងចក្រ ។ ទី៣ រថយន្ត កុងតៃន័រ ម៉ាកហុីយ៉ាន់ ពណ៌ប្រផេះ ឆ្នូតខៀវ ពាក់ស្លាក​លេខ ភ្នំពេញ 3C-0204 ។ ទី៤ រថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ ស្លាទុំ  ភ្នំពេញ 2H-7221 ដឹកគ្រោងទ្វារ រង​របួស​ព្រូរថយន្ត ។ ទី៥ រថយន្តម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3079 ។ និងទី៦ រថយន្តបង្កតែម្តង ម៉ាក ហុីយ៉ាន់ដាយ ឃ្លប់ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3703 អ្នកបើកបររត់គេចខ្លួនបាត់ ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលដងផ្លូវខាងលើកំពុងកកស្ទះចរាចរណ៍ រថយន្ត​​​ទាំង៦គ្រឿងក្នុងហេតុការណ៍ បានបើកពីត្បូងទៅជើង រថយន្តទី១ ម៉ាកសាំយ៉ុង ឈប់ពីក្រោយ រថយន្តជាបន្ត​បន្ទាប់ តាមបញ្ជា នគរបាលកំពុងធ្វើចរាចរណ៍ ចំណុចរង្វង់មូលចោមចៅ ស្របពេលដែលរថយន្តខាងមុខ ឈប់ និងបង្អន់ល្បឿនរៀបឈប់ បន្តកន្ទុយគ្នា ស្រាប់តែរថយន្តបង្ក ទី៦ ម៉ាក ហុីយ៉ាន់ដាយ ឃ្លប់ ដឹកទំនិញ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3703 បើកពីត្បូងទៅជើងស្របទិស លឿនជ្រុល ទៅបុករុញ ជាបន្ទាប់គ្នាតែម្តង បណ្តាលឲ្យ រថយន្ត៣គ្រឿងខូចខាតធ្ងន់ របួសជើងម្នាក់ ចំណែករថយន្ត២គ្រឿង សាំយ៉ុងមួយគ្រឿង ខូចខាតស្រាល បានបើកចេញទៅបាត់ រថយន្ត កាមរីបាឡែន ខូចខាតស្រាល បែកថដាច់ កាងក្រោយ និងរថយន្ត កុងតៃន័រ ខូចខាតស្រាល ។

ក្រោយពីជួបហេតុការណ៍ខាងលើ អ្នកបើកបររបានចុះគេចខ្លួនបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ ។  ហេតុការណ៍ខាងលើ បង្កឲ្យកកស្ទះចរាចរណ៍ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ និងបាញ់ថ្នាំចំណាំ យករថយន្តចេញដាក់គៀនខាង ។នៅកន្លែងកើតហេតុ នៅសល់តែរថយន្តចំនួន៥គ្រឿង សមត្ថ​កិច្ចទុកឲ្យឱកាស ឲ្យភាគីតំណាងទាំងអស់និយាយសម្របសម្រួលគ្នាមួយជំហានសិន ក្នុងករណី មិនត្រូវគ្នា សមត្ថ​កិច្ចនាំរថយន្តទាំងអស់ទៅរក្សាទុក រងចាំដោះស្រាយគ្នាជាក្រោយ ៕