(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បន្ទាប់ពីបញ្ចប់ការសួរនាំហើយនោះ អ្នកដែលពាក់ព័ន្ធករណីគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ដ «លុច្សសារី» ចំនួន ៣បទល្មើសផ្សេងគ្នា រួមមាន៖ មេការជនជាតិវៀតណាម និងខ្មែរម្នាក់ពីបទ ផ្ដល់ទីតាំងឲ្យប្រព្រឹត្តបទល្មើសគ្រឿងញៀន, ក្រុមសន្ដិសុខពីបទ សម្របសម្រួលបង្កលក្ខណៈឲ្យប្រព្រឹត្តបទល្មើស គ្រឿងញៀន និងក្រុមអ្នកបម្រើសេវាក្នុងក្លឹប ពីបទ ផ្សំគំនិតឲ្យប្រព្រឹត្តបទល្មើសគ្រឿងញៀន។

ក្រោយសម្រេចការចោទប្រកាន់ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោក គុជ គឹមឡុង បានបញ្ជូនសំណុំរឿងនេះ ទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមរំលឹកថា ក្រុមអ្នកពាក់ព័ន្ធដែលត្រូវបានបញ្ជូនទៅតុលាការ ទាំង១៧នាក់ មានជនជាតិវៀតណាម៥នាក់ និងជនជាតិខ្មែរ១០នាក់។ ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចក៏បានឃាត់ជនបរទេស៣១នាក់ផ្សេងទៀត ប៉ុន្តែពួកគេត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបរទេស។ ក្រៅពីនោះជនដទៃទៀត ដែលសេពគ្រឿងញៀន គឺត្រូវបានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន។

ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៤៖០០រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤០០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។

ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕