ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានការដ្ឋានសំណង់មួយកន្លែង បានយកសម្ភារៈសំណង់របស់ខ្លួនដាក់លើផ្លូវសាធារណៈ បិទផ្លូវប្រជាពលរដ្ឋក្នុងការធ្វើដំណើរមួយចំហៀងផ្លូវ បណ្ដាលអោយមានការកកស្ទះចរាចរណ៍ ថែមទាំងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើការឆ្លងកាត់ពិបាកក្នុងការធ្វើដំណើរ ដោយហេតុដូចនេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ជាឲ្យអាជ្ញាធរក្រុងព្រះសីហនុចុះអន្តរាគមន៍ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចុះហាមឃាត់ និងឲ្យផ្អាកដំណើរការនេះតែម្ដង។

ដោយហេតុដូចនេះការដ្ឋានដែលយកសម្ភារៈសំណង់របស់ខ្លួន ដាក់លើផ្លូវសាធារណៈ តាមបណ្តោយផ្លូវ(ប៉ូលូវ៉ៃ)ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុ ហាមឃាត់ជាបណ្តោះអាសន្នដោយតម្រូវអោយម្ចាស់ការដ្ឋានរើយកសម្ភារៈសំណង់ចេញពីលើផ្លូវសាធារណៈ បន្ទាប់ពីអាជ្ញាធរក្រុងចុះហាមឃាត់។

យោងតាមប្រភពពីមន្ត្រីសាលាក្រុងដែលបានដឹកនាំក្រុមការងារ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដោយមានការអនុញ្ញាត្តិពីលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ លោកបានដឹកនាំក្រុមការងារចំរុះ ចុះមកធ្វើការហាមឃាត់ការដ្ឋានសំណង់មួយកន្លែង បានយកផ្លូវសាធារណះ ផ្ទុកសម្ភារៈសំណង់ បិទផ្លូវប្រជាពលរដ្ឋធ្វើដំណើរមួយចំហៀងផ្លូវ បង្ករកកស្ទះយ៉ាងខ្លាំង អស់រយះពេលជាច្រើនថ្ងៃមកហើយ បើទោះបីជាអាជ្ញាធរមូលដ្ឋានចុះមកធ្វើការណែនាំយ៉ាងណាក្តី។

ដូចនេះដើម្បីជាការព្រមានពីអាជ្ញាធរក្រុងសម្រេចធ្វើកំណត់ហេតុផ្អាកការដ្ឋានជាបណ្តោះអាសន្នរងចាំក្រុមហ៊ុនសាងសង់រៀបចំសម្ភារៈសំណង់របស់ខ្លួន ចេញពីលើផ្លូវ ដោយយកសម្ភារៈសំណង់ចេញ នឹងត្រូវហ៊ុព័ន្ឋការដ្ឋានសំណង់របស់ខ្លួន ទៅតាមបច្ចេកទេសសាងសង់អោយរួចរាល់ជាមុនសិន ទើបអនុញ្ញាត្តិអោយបន្តការសាងសង់ទៀត។

ជុំវិញចំណាត់ការយ៉ាងក្តៅគគុករបស់អាជ្ញាធរក្រុងផងដែរ បងប្អូនប្រជាពលរដ្ឋបានសម្តែងការអបអរសាទរយ៉ាងខ្លាំង នឹងបានស្នើរអោយអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីពាក់ព័ន្ឋ រឹតបន្តឹងបន្ថែមទៀតទៅលើក្រុមហ៊ុនសាង​សង់ជាច្រើនទៀត ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ផ្ទុកសម្ភារៈសំណង់ផ្សេងៗនៅលើផ្លូវសាធារណៈ បង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ បង្ករភាពស្មុកស្មាញដល់អាជ្ញាធរដែនដី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើតំណើរតាមផ្លូវ៕