(រតនគិរី) ជីដូនម្នាក់បានធ្វើទារុណកម្មទៅលើចៅប្រុសរបស់ខ្លួនបណ្តាលឲ្យរងរបួសពេញដងខ្លួន ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួន។ ករណីធ្វើទារុណកម្មទៅលើចៅប្រុសបានកើតឡើងកាលពីវេលាម៉ោង៧និង៣០​នាទី​យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ នៅត្រង់ចំណុចការដ្ឋានទី៤ ក្នុងក្រុមហ៊ុនហ័ង​អញ់​យ៉ាឡាយ​(វៀតណាម) ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

លោក រស់ វណ្ណា មេបញ្ជាការអាវុធហត្ថស្រុកកូនមុំបានឲ្យសារព័ត៌មានយើង ដឹងនៅរសៀលថ្ងៃទី១២មិថុនានេះ ថា ជីដូនមានឈ្មោះ លី ដារ៉ុង អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ត្រូវបានកងរាជអាវុធហត្ថស្រុកឃាត់ខ្លួនបញ្ជូនមកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការបន្ត។

ក្មេងប្រុសរងគ្រោះមានឈ្មោះ ឃឺម រាជ អាយុមួយខួប៤ខែ រស់នៅក្នុងបន្ទប់ជាមួយជីដូនខាងលើ បន្ទាប់ពីឪពុកម្តាយក្មេងប្រុសខាងលើបានលែងលះគ្នា ម្តាយទៅរត់នៅខេត្តព្រះសីហនុ ហើយយកមកទុកឲ្យនៅជាមួយជីដូនបង្កើតចិញ្ចើមថែរក្សា។

លោក គិន វណ្ណា ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានឲ្យសារព័ត៌មានយើងដឹងថា បន្ទាប់ពីបានសាកសួរបំភ្លឺជុំវិញករណីធ្វើទារុកម្មទៅលើចៅរបស់ខ្លួនរួចមក ហើយបានកសាងសំណុំរឿងបញ្ជូនស្ត្រីរូបនេះ ទៅកាន់តុលាការនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕