ភ្នំពេញ៖ ឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិរក្ស ត្រីចក្រយានកម្ពុជា  ក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការបង្កើត ( សមាគមមូលនិធិ ត្រីចក្រយាន ឬ ស៊ីក្លូ )ក្នុងគោលបំណង លើកកម្ពស់កម្រិតជីវភាព របស់អ្នកធាក់ស៊ីក្លូ  ។

ហេតុដូចហើយ រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងទេសចរណ៍ បានសហការគ្នា ជាមួយសមាគមទេសចរណ៍កាត់តា រៀបចំកម្មវិធី ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩ ក្រោមប្រធានបទ “អភិរក្សស៊ីក្លូដើម្បីទេសចរណ៍”  ដោយមានស៊ីក្លូចូមរួមប្រណាំង ចំនួន១៣៦គ្រឿង លើចម្ងាយផ្លូវ៨០០ម៉ែត្រ ស្ថិតនៅទីតាំង សួនច្បារព្រះបារមី ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក និងបញ្ជាបាញ់កាំភ្លើង ពីសំណាក់ ឯ.ឧបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ និង ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ២៣មិថុនា ឆ្នាំ២០១៩ ។

ឯ.ឧ ឃួង ស្រេង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីការលើកទឹកចិត្តគាំទ្រ និង រួមចំណែកអភិរក្ស ដល់អ្នកប្រកបរបរស៊ីក្លូ និងសមាគមស៊ីក្លូ ដើម្បីឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការអភិរក្ស ត្រីចក្រយានកម្ពុជា  ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបាន បង្កើតនូវ( សមាគម មូលនីធិ ត្រីចក្រយាន ឬ មូលនីធិ ស៊ីក្លូ ) និងមានសម្តេចតេជោផ្ទាល់ជាប្រធានកិត្តិយស ។

ឯ.ឧ បានបន្តថា តាមរយៈការយកចិត្តទុកដាក់ របស់សម្តេចតេជោខាងលើកនេះ  មូលនិធិ ស៊ីក្លូ ត្រូវបានបង្កើតឡើងតាមរយៈថវិកា សប្បុរសធម៌ ពីសប្បុរសជននានា ទាំងក្នុងស្រុកនិងក្រៅប្រទេស ។ សមាជិក អ្នកធ្លាក់ស៊ីក្លូ ទាំងអស់ ទទួលបាន នូវផលប្រយោជន៍រួមមាន ដូចជាប្រាក់ ជួលស៊ីក្លូប្រចាំថ្ងៃចំនួន២០០០រៀល ,ប្រាក់អាហារ ចំនួន៥០០០ រៀលប្រចាំថ្ងៃ , សេវាថែទាំ សុខភាពនិង ព្យាបាល ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរដ្ឋ តាមរយៈមូលនិធិសមធម៌ ។ ទាំងនេះជាការលើកកម្ពស់ គុណតម្លៃនៃការប្រើប្រាស់យានជំនិះបុរាណស៊ីក្លូ ។ ឯកឧត្តមលើកឡើងថា  ការប្រែក្លាយស៊ីក្លូឲ្យទៅជាផលិតផលទេសចរណ៍មួយដ៏ទាក់ទាញរបស់កម្ពុជា សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យបានទូលំទូលាយ និង ជាជំរុញលើកទឹកចិត្តដល់ការីទេសចរណ៍ និងសាធារណជន ឲ្យចូលរួមថែររក្សា អភិរក្សនិងប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលជាអត្តសញ្ញាណជាតិ និងមិនប៉ះពាល់ដល់បរិស្ថានមួយនេះបន្តរីកចំរើនឡើងវិញ ។

ថ្លែងក្នុងឱកាសនោះ ឯ.ឧ បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៏ បានបញ្ជាក់ថា ការប្រារព្ធពិធីប្រណាំងស៊ីក្លូ នាពេលនេះ ក្នុងគោលបំណងលើកកម្ពស់ បណ្តុះស្មារតីគាំទ្រ និងអភិរក្សស៊ីក្លូនៅកម្ពុជាយើង ។ ស៊ីក្លូមិនត្រឹមតែ បានដើរតួនាទី ជាមធ្យោបាយធ្វើដំណើរមួយដែលមិនប៉ះពាល់ដល់បរិស្ថាន (Green Transport) និងបម្រើដល់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជានៅទីក្រុងប៉ុណ្ណោះទេ ថែមទាំងអាចដើរតួ ជាផលិតផលទេសចរណ៍មួយបែបក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងផ្តល់បទពិសោធន៍ថ្មីនៃទេសចរណ៍ទីក្រុង (Urban Tourism) តាមរយៈការផ្តល់សេវាកម្មស៊ីក្លូទេសចរណ៍ នៅក្នុងកញ្ចប់ទស្សនកិច្ច ។

ឯ.ឧ បន្ដថា៖ ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូដំបូងនេះ ជាកាសមួយបង្ហាញឡើងវិញនូវផលិតផលទេសចរណ៍ថ្មី ជូនដល់មហាជន និងអ្នកសារព័ត៌មានជាច្រើន នឹងវត្តមានតារាសម្តែងមួយចំនួន ដែលបានតាក់តែងខ្លួន ក្នុងទស្សវត្តទី៦០ មកថតបង្ហាញ ព្រមជាមួយនឹងសកម្មភាពសប្បុរសធម៌ផងដែរ។ សំដៅបណ្ដុះស្មារតីយុវជនឲ្យជួយគាំទ្រ និងអភិរក្ស ជាពិសេសជំរុញដល់ប្រត្តិបត្តិករទេសចរណ៍ ការីទេសចរណ៍ជួយផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរ និងដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូនៅក្នុងកញ្ចប់ខ្សែទស្សនកិច្ចក្នុងក្របខណ្ឌប្រលងប្រណាំងទីក្រុងស្អាត គួរត្រូវបានយកចិត្តទុកដាក់ អំពីវត្តមានរបស់ស៊ីក្លូនៅតាមបណ្តាទីក្រុង ដោយរៀបចំឲ្យមានស្តង់ដារស៊ីក្លូ រៀបចំឲ្យមានចំណតស៊ីក្លូ ឯកសណ្ឋាន ត្រឹមត្រូវ ការទទួលបដិសណ្ឋារកិច្ចល្អ ការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរជាដើម ៕