ព្រះសីហនុ៖ជាការភ្ញាក់ផ្អើលមួយ ក្រោយពេលមានករណីរលំអគារគ្មានច្បាប់កម្ពស់៧ជាន់ បណ្តាលអោយស្លាប់កម្មករជាង២០នាក់ នោះ ឥឡូវនេះ ឯកឧត្តម យន្ត មីន ត្រូវអស់តំណែងជាអភិបាលខេត្តព្រះសីហនុ ហើយ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៤ ខែមិថុនា នេះ ថា “លោក យន្ត មីន ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុបានទទួលស្គាល់កំហុសលើ ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ”

សម្តេចតេជោ ហ៊ុន សែន បន្តថា “ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន​នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅ​ទៀត​រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ”