នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋ-កិច្ច និងហិរញ្ញវត្ថុ បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។
យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ ដែលត្រូវបានរាជ- រដ្ឋាភិបាល អនុម័តនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ និងត្រូវបានប្រកាសដាក់ឲ្យអនុវត្តដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩, គឺជាឯកសារតម្រង់ទិស ដែលបានកំណត់អំពីទិសដៅ និងក្របខ័ណ្ឌពេលវេលាច្បាស់លាស់ និងបានដាក់ចេញផែនការសកម្មភាពកែទម្រង់ដែលមានសង្គតិភាពជាមួយនឹងប្រព័ន្ធថវិកាជាតិ ដោយផ្សាភ្ជាប់នឹងអភិក្រម សាមញ្ញ ទន់ភ្លន់ តម្លាភាព និងគណនេយ្យភាព ស្របទៅតាមសមត្ថភាព និងបរិការណ៍ជាក់ស្តែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រៅពីការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ, យុទ្ធសាស្រ្តនៃការកែទម្រង់នេះ ក៏បានកំណត់គោលបំណង និងគូសវាសផ្លូវនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ដោយធ្វើការពន្លឿន និងកែសម្រួលនីតិវិធីលទ្ធកម្មសាធារណៈ តាមអភិក្រមជាជំហានៗ និងមានសង្គតិភាពជាមួយទិសដៅនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងឱកាសនោះឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការវាយតម្លៃខ្ពស់រាល់ការចូលរួមរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងសូមស្នើឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ អនុវត្តយុទ្ធសាស្រ្តនេះ ប្រកបដោយឆន្ទៈ, មនសិការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចឱ្យបានលទ្ធផលដែលបានគ្រោងទុកនៅក្នុងដំណាក់កាលនីមួយៗ និងនៅក្នុងឆ្នាំ២០២៥ ក្នុងបុព្វហេតុសំខាន់បំផុតគឺកសាងប្រព័ន្ធថវិកាមួយដែលមាន ប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមសមត្ថភាព និង តថ ភាពជាក់ស្តែងនៃរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា។