កិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៣ និងសភាពការណ៍បច្ចុប្បន្ន ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាល ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណបក្សខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក ក្រុង ប្រធានក្រុមការងារថ្នាក់ខេត្តទទួលឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សា ស្រុក ក្រុង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សរុបប្រមាណ ១២០៩ នាក់នៅសាលសន្និសិទខេត្តកំពត កាលពីព្រឹក ថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩។
ឯកឧត្តមជាវ តាយ បានមានប្រសាសន៍ថា ៖ បានណែនាំដល់ក្រុមប្រឹក្សាក្រុង ដែលទើបតែងតំាងថ្មី ត្រូវខិតខំបំពេញការងារ បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកប ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍មូលដ្ឋាន កាន់តែមានភាពរីកចម្រើន ។
ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន មានមតិកោតសរសើរចំពោះស្មារតីសាមគ្គីភាព របស់មន្រ្តីគណៈបក្ស ខេត្តគ្រប់លំដាប់ថ្នាក់ ដែលធ្វើអោយទទួលបាន លទ្ធផលបោះឆ្នោតដ៏ ល្អវិសេស វិសាលនេះ ហើយក៏បាន លើកឡើងនូវបទពិសោធន៍ ល្អៗ និងការងារបំពេញបន្ថែមខ្លះ ទៀតសម្រាប់ជា បទពិសោធន៍ក្នុងការ បោះឆ្នោតសម្រាប់អាណត្តិក្រោយៗទៀត ហើយក្នុងនោះ ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹកពី គោលនយោបាយ ទាំង៤ជាមាគ៌ាដល់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងបានផ្សព្វផ្សាយសភាពការណ៍ ចំពោះមុខដើម្បី ថែរក្សាសុខ សុវត្ថិភាព និងការអភិវឌ្ឍន៍របស់សង្គម ។
ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងថា៖ក្រុមប្រឹក្សាក្រុង មានតួនាទី បម្រើប្រជាពល រដ្ឋឲ្យបានដិតដល់ ដូច្នេះក្រុមប្រឹក្សាត្រូវបំពេញតួនាទីឲ្យបានល្អ ជាមួយគណៈអភិបាលស្រុក-ក្រុង មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល ដោយឈរ លើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាព ការងារការគោរពច្បាប់ និងគោលការណ៍នានារបស់រដ្ឋ ។
ឯកឧត្តម បណ្ឌិត បន្ដថា៖ ការលើកកម្ពស់ការទទួល ខុសត្រូវ និងភាពជាម្ចាស់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ សំដៅអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបតម្រូវការនានា និងលើក កម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាពនិងការ ទទួលខុសត្រូវខ្ពស់ មិនតែប៉ុណ្ណោះ សមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវពិនិត្យទៅលើច្បាប់ ស្តីពីការគ្រប់គ្រងក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីសម្រេចបាននូវកិច្ចការងារចាំបាច់ ត្រូវរួមគ្នាពង្រឹងស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ គោរពច្បាប់គោរព គោលការណ៍ និងពង្រឹងរបៀបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន ឆ្លើយ តប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច សង្ឃឹមថាក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រី រាជការទាំងអស់ ខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុង រយៈពេល៥ឆ្នាំខាងមុខនេះ៕