ខេត្តបាត់ដំបង! ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗទៅលើទីតាំងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងបាននិងកំពុងបង្ករក្លិនស្អុយ ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពផ្លូវដង្ហើមរបស់ពួកគាត់ដែលរស់នៅក្បែរខាង។

អ៊ុស្រី ហេង ហៀង អាយុ៥៨ឆ្នាំ តំណាងអោយប្រជាពលរដ្ឋ រស់នៅក្នុងក្រុម០៤ ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ បានរៀបរាប់អោយក្រុមអ្នកយកព័ត៌មានបានដឹង នៅរសៀលថ្ងៃចុងសប្តាហ៍នេះថា! កសិដ្ឋានចិញ្ចឹមសត្វមាន់មួយកន្លែងនៅចំណុចភូមិសាស្ត្រខាងលើ ដែលមានម្ចាស់ឈ្មោះ ទុំ សុភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ បាននិងកំពុងបង្ករក្លិនស្អុយយ៉ាងខ្លាំងទៅដល់ក្រុមគ្រួសារអ៊ុស្រី រួមនឹងប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតផងដែរ ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពផ្លូវដង្ហើមពួកគាត់។

អ៊ុស្រីបន្តថា កសិដ្ឋានចិញ្ចឹមសត្វមាន់ខាងលើនេះ បានធ្វើអាជីវកម្មជិតមួយឆ្នាំមកហើយ ដែលមានមាន់រាប់ពាន់ក្បាល និងបង្ករក្លិនស្អុយ២៤ម៉ោងស្ទើររៀងរាល់ថ្ងៃ ដោយរំខានដល់ការរស់នៅរបស់ពួកគាត់ សូម្បីតែដេកក៏មិនបាន  ហូបបាយក៏មិនចង់កើត ព្រោះខ្យល់បក់មកម្តងៗនាំក្លិនស្អុយមកពេញច្រមុះស្ទើរតែដកដង្ហើមមិនរួចផងដែរ បើទោះបីពួកគាត់ធ្លាប់បានប្តឺងទៅដល់អាជ្ញាធរមូលដ្ឋានហើយក្តី តែការប៉ះពាល់នៅតែបន្តប៉ះពាល់នូវក្លិនស្អុយដដែល។

ដោយឡែក លោក ទុំ សុភ័ក្រ ដែលជាម្ចាស់កសិដ្ឋានខាងលើ ជាមួយគ្នានេះ លោកថា វាតែងតែប៉ះពាល់ ឆួលក្លិនខ្លះហើយ ព្រោះនៅពេលក្តៅយើងបាញ់ទឹកសម្អាតវា មួយខែ៧ទៅ៨ដងប៉ុណ្ណោះ វាមិនរាល់ថ្ងៃនោះទេ ហើយលោកតែងបាញ់ថ្នាំបំបាត់ក្លិនរយះពេល៣ឬ៤ថ្ងៃម្តងហើយដែរ។

ពាក់ព័ន្ធទៅនឹងការលើកឡើងពីផលប៉ះពាល់ខាងលើនេះដែរ លោក ទូច ស្វាង ដែលជាមេឃុំអន្លង់វិល លោកថាអោយប្រជាពលរដ្ឋប្តឹងទៅមេភូមិសិនទៅ ដើម្បីអោយមេភូមិធ្វើ របាយការណ៍មកអោយលោកដើម្បីធ្វើចំណាត់ការអោយ ហើយចំពោះម្ចាស់បើកកសិដ្ឋានចិញ្ចឹម ត្រូវការពារបរិស្ថានដល់អ្នកជិតខាងផង មិនត្រូវចិញ្ចឹមយកមានបានតែយើងនោះទេ តែមិនអីទេលោកនិងចាត់ចែង។ដោយ រៀម សាលី