ខេត្តបាត់ដំបង៖ដំណាំស្រូវប្រជាពលរដ្ឋរាប់ម៉ឺនហិកតានៅខេត្តបាត់ដំបងបាននិងកំពុងប្រឈមគ្រោះរាំងស្ងួតខណះតំបន់មួយចំនួនខ្វះប្រភពទឹកនិងភ្លៀងធ្លាក់តិចតួចបំផុត។

ប្រជាពលរដ្ឋ ឈ្មោះ អឿន ស៊ុយ ភេទប្រុស អាយុ៦០ឆ្នាំ ជាកសិកររស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី បានលើកឡើងថា ជារៀងរាល់ឆ្នាំគ្រួសាររបស់លោកបានប្រកបរបរធ្វើស្រែនៅលើផ្ទៃដីចំនួន០៥ហិកតា ទទួលផលបានល្អណាស់ ព្រោះមានភ្លៀងធ្លាក់និងប្រភពទឹកគ្រប់គ្រាន់មិនដូចឆ្នាំនេះទេ ។

ឆ្នាំនេះនៅឃុំរបស់ពួកគាត់ខានមានភ្លៀងធ្លាក់ជាច្រើនខែមកហើយ តែបើភ្លៀងក៏ក្នុងលក្ខណៈតិចតួចបំផុត ដែលធ្វើអោយ ប៉ះពាល់ដំណាំស្រូវ រាប់ពាន់ហិកតារបស់អ្នកភូមិ កំពុងប្រឈមនឹងបញ្ហាក្រៀមស្វិត ហើយបើភ្លៀងនៅតែអូសបន្លាយមិនធ្លាក់មកទៀត នៅដើម ខែកក្កដា ខាងមុខនេះច្បាស់ជាងាប់អស់មិនខានឡើយ ព្រោះពេលនេះមានតែប្រឡាយអត់ប្រភពទឹកហូរចូល ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ពាក់ព័ន្ធទៅនិងបញ្ហាគ្រោះរាំងស្ងួតនេះដែរ លោកបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ នេះថា បញ្ហារឿងខ្វះខាតទឹកធ្វើស្រែនេះដែរ វាស្ទើរកើតមានគ្រប់កន្លែងទៅហើយ ដែលការខ្វះទឹកទាំងអស់នេះមានទៅដល់បួនស្រុក ហើយការបញ្ចូលទឹកនេះដែរ ខាងមន្ត្រីជំនាញបានខិតខំប្រឹងប្រែងនិងបានបញ្ជូនទឹកនេះចាប់តាំងពីថ្ងៃទី១៨ ខែឧសភា មកម្ល៉េះ ហើយការរំដោះទឹកជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើស្រែនោះ គឺមិនទៅដល់គ្រប់កន្លែងនោះទេ ដោយកន្លងមកបងប្អូនយើងទប់ទឹកដើម្បីធ្វើកូនស្រែប្រាំងតូចៗ អញ្ចឹងហើយបញ្ហារឿងខ្វះខាតទឹកនេះខាងមន្ទីរនិងមានវិធានការបន្ត។

គួរបញ្ជាក់ថា សំរាប់ខេត្តបាត់ដំបង បើយោងតាម សេចក្តីរាយការណ៍របស់លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ថាករណីគ្រោះរាំងស្ងួតរហូតមកដល់ថ្ងៃនេះបានប៉ះពាល់ស្រូវរបស់ប្រជាពលរដ្ឋប្រមាណប្រហែល៣០ ០០០ហិកតាហើយប៉ុន្តែមិនបានន័យថាខូចនោះទេ។ដោយ រៀម សាលី