(ភ្នំពេញ)៖ បន្ទាប់ពីបានផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមសង្រ្គោះជិត១៥០០នាក់ ក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសបំពាក់មេដាយមាសជូនពួកគេថែមទៀត ដើម្បីឆ្លើយតបនឹងការខិតខំរបសពួកគេទាំងអស់គ្នារាប់ទាំងផ្នែកឯកជនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម Facebook នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថា យប់មិញនេះនៅមុនម៉ោង១២យប់ ខ្ញុំបានឱ្យលោក សេង ទៀង យកថវិកាខ្ញុំទៅចែកជូនកម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ ក្នុងនោះនារី៣៥នាក់
ដោយម្នាក់ៗជាបុរសទទួលបាន១០០ដុល្លារ ជានារីទទួលបាន២០០ដុល្លារ អស់ទឹកប្រាក់១៥២,២០០ដុល្លារ។ ខ្ញុំនឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះ ដើម្បីឆ្លើយតបនឹងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ»

សូមបញ្ជាក់ថា កាលពីវេលាទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីរលំបាក់សំណង់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់២៨នាក់ និងអ្នករបួស២៦នាក់។ ករណីនេះ ក្រុមសង្រ្គោះ និងរុករកសាកសពកប់នៅក្នុងកម្ទេចអគារ ដែលមានចម្រុះអង្គភាព បានបើកប្រតិបត្តិការរបស់ខ្លួន២ថ្ងៃកន្លះ ទើបរកឃើញជនរងគ្រោះទាំងអស់ ដែលកប់ក្នុងអគារ។

ករណីនេះសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ព្រមទាំងប្រកាសអំពាវនាវដល់សប្បុរសជន ដើម្បីឧបត្ថម្ភដល់ជនរងគ្រោះ និងគ្រួសារសាកសពផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អាស្រ័យដោយក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះសប្បុរសជន នៅបន្តជួយឧបត្ថមដែលធ្វើចំនួនទឹកប្រាក់កើនឡើងពី ២,១៩៨,៤០០ដុល្លារ ដល់ ២,៣៦៨,៤០០ដុល្លារ។ ដោយដក៣០ម៉ឺនដុល្លារចែកជូនអ្នកត្រូវរបួសថវិកានៅសល់សម្រាប់ចែកជូនក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន ១,៨៩៨,៤០០ដុល្លារ ដល់ ២,០៦៨,៤០០ដុល្លារ ដែលធ្វើឱ្យគ្រួសារសព ម្នាក់ៗទទួលបានកើនពី ៦៧,៨០០$ដល់ ៧៣,៨៧០ដុល្លារ»

សម្តេចបានបញ្ជាក់បន្តថា៖ «យើងនៅតែបន្តទទួលជំនួយឧបត្ថមនេះ តទៅទៀតដែលក្នុងឱកាស់នេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការ ជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។ លោកសេង ទៀង នឹងចាត់ចែងបញ្ជូនថវិកានេះទៅកាន់គ្រួសារសពនៅពេលបិទបញ្ចប់ការទទួលជំនួយតាមរយៈធានាគារ»។

ថវិកាដែលទទួលបានពីសប្បុរសជនប្រើប្រាស់សម្រាប់តែអ្នកស្លាប់ និងរបួសប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៕