ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយលោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) និងគណៈប្រតិភូមកពីក្រុមហ៊ុនអាមេរិកធំៗចំនួន១២ក្រុមហ៊ុន។
ក្នុងជំនួបនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និង ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ ដែលនេះ ជាលើកទី៨នៃជំនួបប្រចាំឆ្នាំ រវាងគណៈប្រតិភូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកម្ពុជា-អាមេរិក ដែល បើទោះបីជាការវិនិយោគរបស់អាមេរិកនៅកម្ពុជានាពេលកន្លងមក នៅមានកម្រិតនៅទ្បើយ ក្រុមហ៊ុនអាមេរិក បានចូលរួមចំណែកដោយ ប្រយោល តាមរយៈការ ផ្គត់ផ្គង់គ្រឿងម៉ាស៊ីន និងសេវាបច្ចេកទេស។ ឯកឧត្តម ក៏បានអបអរ សាទរដល់ក្រុមហ៊ុនអាមេរិកនានា ដែលបានបង្កើនការលក់នៅកម្ពុជា ខណៈដែលកម្លាំងទិញរបស់ប្រជាពលរដ្ឋកម្ពុជាមានការកើនទ្បើង តាមរយៈការសម្រេចបាននូវកំណើនសេដ្ឋ កិច្ចខ្ពស់នាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាប គណៈប្រតិភូពីវិធានការមុតស្រួចថ្មីៗមួយចំនួន ក្នុងការធ្វើឱ្យប្រសើរទ្បើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ដែលបាន សម្រេចដាក់ចេញដោយ សម្តេច តេជោនាយករដ្ឋមន្ត្រី
នៅក្នុងឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ តាមរយៈ ការសម្រេចនេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាទើប បានបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់ សេដ្ឋកិច្ចពិសេស ដែលនឹងអាច ផ្តល់នូវការ លើកទឹក ចិត្តដល់សកម្មភាព ដែលយកចិត្តទុកដាក់ដល់សុខុមាលភាពនិយោជិត និងការ ទទួលខុសត្រូវសង្គម ដែលក្រុមហ៊ុនវិនិយោគអាមេរិកមួយចំនួន បានធ្វើនាពេលកន្លងមក។
ជាការឆ្លើយតប លោក Alexander Feldman ប្រធានគណៈប្រតិភូបានអបអរសាទរចំពោះការបញ្ចប់ការតាក់តែងសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ និងបានសន្យាថានឹង ជំរុញឱ្យមានគម្រោងវិនិយោគលេចធ្លោរបស់អាមេរិកមកកម្ពុជា។ ទន្ទឹមនឹងនេះ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជានិច្ចជាកាលតែងតែ បានផ្តល់កិច្ចសហការយ៉ាងល្អ និងបានខិតខំប្រឹងប្រែងប្រកបដោយ ស្មារតី ទទួល ខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះក្ដីកង្វល់ និងសំណូមពរពីភាគីអាមេរិក។
ជា កិច្ច បញ្ចប់ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវការស្វាគមន៍ជាថ្មីម្តងទៀត ចំពោះការវិនិយោគរបស់អាមេរិកមកកម្ពុជា និងបានស្នើឱ្យអ្នកវិនិយោគអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សិស្សនិស្សិតកម្ពុជា អំពីអក្ខរកម្មឌីជីថល។