លោកជំទាវ ដួង វណ្ណា​ លោកជំទាវ ពៅ សុភាព អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងសហការី​ បានបន្ត​នាំយក​បច្ច័យ ទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ ចំនួន ៣ វត្ត គឺ វត្តភ្នំស្រូវ ត្រពាំងថ្នា និងវត្ត ព្រៃក្តី ស្ថិតនៅឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ នាឱកាសបុណ្យចូលកាន់ព្រះវស្សាហ៍ ដែលជិតចូលមកដល់នាពេលខាងមុខនេះ ។ ក្នុងឱកាសនោះ​លោកជំទាវ ដួង វណ្ណា មានប្រសាសន៍សំណេះសំណាល​ដោយបានពាំនាំនូវបណ្តាំ​ផ្ញើរ​សាកសួរសុខទុក្ខពីសំណាក់​លោកជំទាវ កិត្តិសឹង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច  ប្រគេន និង ជូនចំពោះព្រះសង្ឃ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលនិមន្ត និង អញ្ជើញចូលរួមក្នុងកម្មវិធីនេះ ។

លោកជំទាវបានបញ្ជាក់ថា​ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយ​ដែល​មានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និង​វិន័យ​យ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យ​ដោយ​​នាំយក​ជា​សាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព ។

ពិធីបុណ្យ​ចូលព្រះវស្សា គឺជាការរៀបចំឲ្យ ឈប់​សម្រាកនៅទីណាមួយ រឺក្នុងវត្តអារាមណា មួយក្នុងរយៈពេល ៣ ខែ​ក្នុងរដូវ​ធ្លាក់ភ្លៀង និង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ច​សំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ ថ្ងៃ។

ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះយើង​មានជំនឿ​ថា ពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តី​ល្អ ហើយគេ ត្រូវ រក្សាភ្លើងទៀនឱឆេះជាប់រហូតគ្រប់រយៈពេល ៣ ខែ ។ មួយវិញទៀតនេះជាការជួយដល់វត្តអារាម​ក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ ។

នៅក្នុងឱកាសនោះ​​លោកជំទាវ​បាន​ប្រគេនទេយ្យ​ទាន ​​និងបច្ច័យ ដល់ព្រះសង្ឃទាំង ៣ វត្ត ក្នុង ១ វត្តមានអង្ករ ១០០ គ.ក្រ ម្រេងម៉ាស៊ូត ២០ លីត្រ មី ២ កេស ទឹកសុទ្ធ ៣ កេស ទឹកក្រូច ២ កេស ទៀន ១ គ.ក្រ ស្ករស ៥ គ.ក្រ ទឹកដោះគោ ៥ កំប៉ុង តែ ៦​ កញ្ចប់ ធូប ១ ដុំ ត្រីខ ១ ឡូ ខ្ទឹមស ២ គ.ក្រ ប៊ីចេង ១ គ.ក្រ អមបិល ២ គ.ក្រ ទឹកត្រី ១ ​យួរ ទឹកស៊ីអ៊ីវ ១ យួរ ស្លាដក់ ១ មីសួរ ២​ គ.ក្រ នំអន្សម ២ បច្ច័យ ៤៦០.០០០ រៀល និងបច្ច័យកសាង ១.៤០០.០០០ រៀល  ។

បន្ទាប់មកលោកជំទាវ និង​ក្រុមការងារបានចុះពិនិត្យអគារទីស្នាក់ការបក្សឃុំ រាជមន្ទីរ និងឃុំសំឡី ដែលគ្រោងនឹងជួសជុលនាពេលខាងមុខ ។