(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញមកប្រកាសខ្លាំងៗ ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត របស់ជនទាំងឡាយណា រួមទាំងអ្នកសារព័ត៌មានផងនោះ ដែលហ៊ានចេញមករារាំងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដែលកំពុងតែអនុវត្តនៅពេលនេះ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ពីចំណាត់ការដ៏ធ្ងន់ធ្ងរ ដោយសារតែជាការទទួលខុសត្រូវ ចំពោះប្រទេសជាតិ និងប្រជាជនក្រោមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាក់អំពីប្រតិបត្តិការបាញ់កម្ទេចចោល ចំពោះជនល្មើស និងឧក្រិដ្ឋជនព្រៃឈើ ដែលមានអាវុធក្នុងដៃ ហើយបាញ់ប្រហារមកលើកងកម្លាំងសមត្ថកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ។
រយៈពេលពីរថ្ងៃនេះ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាកម្លាំងជាច្រើននាក់ ចុះទៅបង្ក្រាបបទល្មើសព្រៃឈើ ដោយផ្ដើមនៅខេត្តមណ្ឌលគិរី រហូតមានការចាប់ខ្លូនឧកញ៉ា សឹង សំអុល និងបក្ខពួក៣នាក់ទៀត ព្រមទាំងរឹបអូសរថយន្ដប្រព្រឹត្តបទល្មើសជាង៤០គ្រឿង និងបំផ្លាញចោលមួយចំនួនទៀតនៅក្នុងព្រៃតែម្ដង។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសយ៉ាងដូច្នេះថា «អ្នកដែលប្រឆាំងជាមួយនឹងកិច្ចការពារព្រៃឈើ រាប់ទាំងអ្នកសារព័ត៌មានផងនោះ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។ គេកាប់ឈើអស់លោកស្រែកអាឡេអាឡូ ដឹកត្រូវ ក៏ស្រែក ដឹកមិនត្រូវក៏ស្រែក ឥលូវខ្ញុំបង្ក្រាបអស់លោកស្រែក អស់លោកត្រូវតែទទួលទោសតាមផ្លូវច្បាប់ ដែលជាការរួមផ្សំជាមួយបទល្មើស។ ប្រទេសនេះ ប្រទេសកម្ពុជា ច្បាប់ព្រះរាជាណាចក្រកម្ពុជា គ្មាននរណានៅពីលើផ្លូវច្បាប់នោះទេ។ បទបញ្ជារហូតប្រើប្រាស់ឧទ្ធម្ភាគចក្រ បាញ់សម្លាប់អ្នកដែលកាប់ឈើ តែរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់សម្លាប់មនុស្សទេ ខ្ញុំបំផ្លាញតែមធ្យោបាយ គ្មានបំបាត់ចោលមធ្យោបាយ ដើម្បីការពារបទល្មើស តែជនល្មើសបានចូលពន្ធនាគាររួចហើយ ដូច្នេះមធ្យោបាយបទល្មើសត្រូវកម្ទេចក្រវាត់ចោល។ បើសិនជាអស់លោកពូកែបែបនេះ សូមឲ្យមកធ្វើខ្លួនឯង។ ខ្ញុំត្រូវដោះដូរតម្លៃជាតិ ធនធានធម្មជាតិ និងទទួលខុសត្រូវជាមន្ដ្រីអនុវត្តច្បាប់ និងបទបញ្ជារាជរដ្ឋាភិបាលស្របតាមច្បាប់ ជាមួយជនល្មើសមិនថាខ្មែរ ឬបរទេសទេ សុំទោសម៉ោងនេះ ជួយផ្សព្វផ្សាយកុំឲ្យមានការ អ្នកកាប់ឈើ ហើយមធ្យោបាយដែលមានរួចហើយ សូមយកទៅរកស៊ី និងប្រើប្រាស់តាមផ្លូវច្បាប់»។
ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានថ្លែងថា រថយន្តដឹកឈើនៅក្នុងព្រៃចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃ ត្រូវធ្វើការបំផ្លាញចោលតែម្តង ដោយប្រើម្សៅ TNT។ សម្រាប់រថយន្តល្មើសជាង ៤០គ្រឿងទៀត ដែលត្រូវបានបង្ក្រាប និងរឹបអូសផងដែរនោះ រង់ចាំការកាត់ចោល និងបំផ្លាញចោលនៅពេលក្រោយ។
ដោយឡែកសំណុំរឿងនៃការចាប់ខ្លួនលោកឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ផ្សេងទៀត ដែលរងការចាប់ខ្លួនផងដែរនោះ ត្រូវបានលោកឧត្តមសេនីយ៍អ្នកនាំពាក្យអះអាងថា អាចផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
កាលពីម្សិលមិញ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០​គ្រឿងផងដែរ៕