នាព្រឹកថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បាន ទទួលជួបសម្តែងការគួរ​សម​ជាមួយលោក Guillaume Massin អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) ក្នុង​ខណៈដែលលោក Guillaume Massin ប្រគល់នូវ “សៀវភៅ ស ឆ្នាំ ២០១៩ (White Book 2019)” របស់ EUROCHAM ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលទើបតែបានបោះពុម្ពផ្សាយនូវ “សៀវភៅ ស ឆ្នាំ ២០១៩ (White Book 2019)” ដោយជោគជ័យ ក្នុងពេលថ្មីៗកន្លងមកនេះ ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលតែង​តែ​បានរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយអំពីឱកាស​វិ​និយោគនៅកម្ពុជា ក៏ដូចជា ផ្តល់នូវមតិស្ថាបនា ចូលរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទានវិនិយោគមកកម្ពុជា ។

លោក Guillaume Massin អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ-ការជិតស្និទ្ធជាមួយកម្ពុជា និងសូមកោតសរសើរចំពោះសមិទ្ធផលដែលកម្ពុជាទទួលបាននាពេលកន្លងមក ។ លោក ក៏បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្តល់នូវអនុសាសន៍ ក្នុងការចងក្រងសៀវនេះឡើង ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាក្រសួងទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួល “សៀវភៅ ស ឆ្នាំ ២០១៩” នេះ ។ “សៀវភៅ ស ឆ្នាំ ២០១៩” មិនត្រឹមតែរំលេចនូវអនុសាសន៍នានាសម្រាប់រាជរដ្ឋាភិបាល ប៉ុន្តែក៏បានរំលេចនូវសមិទ្ធិផលដែលរាជរដ្ឋាភិបាលសម្រេចនាពេលកន្លងមក ។ ជាមួយគ្នានេះ, គោលបំណងចម្បងរបស់ “សៀវភៅ ស ឆ្នាំ ២០១៩” គឺគូសបញ្ជាក់ជូនវិនិយោគិនទាំងអស់ ទាំងវិនិយោគ​គិន​ជាតិ និងអន្តរជាតិថា កម្ពុជាបានត្រៀមខ្លួនជាស្រេចសម្រាប់ការដាក់ទុកវិនិយោគ ។

លោក Guillaume Massin សង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។